
សារព័ត៌មាន វ៉ាស៊ីនតោន បុស្តិ៍ បានរាយការណ៍ថា ប្រព័ន្ធព្រមានរបស់ក្រុមហ៊ុន អេផល (Apple) កាលពីក្នុងខែតុលា ដែលបានបញ្ជូនសារទៅកាន់អ្នកនយោបាយបក្សប្រឆាំងរបស់ឥណ្ឌា ថាក្រុមចោរព័ត៌មានវិទ្យារដ្ឋាភិបាលប្រហែលជាបានលួចចូលទូរស័ព្ទរបស់ពួកគេ ហើយសារនោះបានជំរុញឱ្យរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ទាមទារឱ្យក្រុមហ៊ុនអាមេរិកមួយនេះបន្ថយឥទ្ធិពលនៃការការផ្ញើសាររបស់ខ្លួនឲ្យបានឆាប់រហ័ស។
សារព័ត៌មាននេះបាននិយាយដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណចំនួនបីថា តំណាងប្រទេសឥណ្ឌារបស់ក្រុមហ៊ុន អេផល ត្រូវបានកោះហៅដោយក្រុមមន្ត្រីរដ្ឋបាល ដែលទាមទារឱ្យក្រុមហ៊ុននេះជួយធ្វើឱ្យឥទ្ធិពលប្រព័ន្ធការព្រមានលើបញ្ហានយោបាយចុះខ្សោយ។
នៅពេលនោះ សមាជិកសភាមួយចំនួនបានចែករំលែករូបថតអេក្រង់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីការជូនដំណឹងរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ អាយហ្វូន (iPhone) ដោយនិយាយថា «ក្រុមហ៊ុន អេផល ជឿថាអ្នកកំពុងត្រូវបានកំណត់គោលដៅដោយអ្នកវាយប្រហារព័ត៌មានវិទ្យាឧបត្ថម្ភដោយរដ្ឋ ដែលព្យាយាមសម្របសម្រួលពីចម្ងាយលើទូរស័ព្ទ អាយហ្វូន ដែលភ្ជាប់ជាមួយគណនី អេផល អាយឌី (Apple ID) របស់អ្នក»។
អ្នកនយោបាយបក្សប្រឆាំងរបស់ឥណ្ឌារូបនោះបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក ម៉ូឌី ថាបានព្យាយាមលួចចូលទូរស័ព្ទរបស់បណ្ដាអ្នកនយោបាយជាន់ខ្ពស់របស់គណបក្សប្រឆាំង ដែលបាននិយាយថាពួកគេបានទទួលសារព្រមានពីក្រុមហ៊ុន អេផល៕