យោងតាមប្រភពដែលដឹងផ្ទាល់អំពីស្ថានភាព និងការជូនដំណឹងសន្តិសុខកោះតៃវ៉ាន់ ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសចិន បានដាក់សម្ពាធលើក្រុមតន្រ្តីរ៉ុកកោះតៃវ៉ាន់ដ៏ល្បីល្បាញមួយក្រុម មានឈ្មោះថា Mayday ដើម្បីធ្វើការបញ្ចេញមតិគាំទ្រចិន នៅមុនការបោះឆ្នោតសំខាន់ៗរបស់កោះតៃវ៉ាន់នៅខែក្រោយ។ យោងតាមការជូនដំណឹងសន្តិសុខផ្ទៃក្នុងរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា រដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិ របស់ប្រទេសចិន បានស្នើឱ្យក្រុមតន្ត្រី Mayday សម្តែងការគាំទ្រជាសាធារណៈចំពោះការអះអាងរបស់ទីក្រុងប៉េកាំងថា កោះតៃវ៉ាដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺជាផ្នែកមួយប្រទេសចិន និងដើម្បីចូលរួមជាមួយការឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសចិនស្តីពីកោះតៃវ៉ាន់។ ការជូនដំណឹងកាលពីដើមខែនេះ បានលើកឡើងពីការស៊ើបអង្កេតលើសកម្មភាពរដ្ឋាភិបាលចិន ដែលប្រមូលដោយអាជ្ញាធរកោះតៃវ៉ាន់។ ក្រុមតន្ត្រី Mayday គឺស្ថិតក្នុងចំណោម ក្រុមសិល្បៈកោះតៃវ៉ាន់ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសចិន ជាទីផ្សារមួយដែលកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងសម្រាប់អ្នកល្បីៗកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង បង្កើនសម្ពាធនយោបាយរបស់ខ្លួនដើម្បីអះអាងការទាមទារសិទ្ធដែនអធិបតេយ្យភាពរបស់ខ្លួន។ មន្ត្រីសន្តិសុខកោះតៃវ៉ាន់ពីរនាក់ ដែលកំពុងសម្លឹងមើលបញ្ហានេះ បាននិយាយថា ដើម្បីដាក់សម្ពាធលើតារាតន្ត្រីរ៉ុក អាជ្ញាធរចិន នៅខែធ្នូនេះ បានប្រកាសការស៊ើបអង្កេតលើក្រុមតន្ត្រី Mayday បន្ទាប់ពីការចោទប្រកាន់នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ចិនថា ក្រុមតន្រ្តីនេះបានថតសំឡេងទុកក្នុងអំឡុងពេលការប្រគុំតន្ត្រីថ្មីមួយរបស់ពួកគេនៅក្នុងប្រទេសចិន។ អ្នកគ្រប់គ្រងរបស់ក្រុមន្ត្រី Mayday គឺ ក្រុមហ៊ុន B'in Music ធ្លាប់បានបដិសេធការចោទប្រកាន់អំពីការថតសំឡេងទុកមុន ក្នុងអំឡុងពេលដំណើរប្រគុំតន្ត្រីកាលពីខែវិច្ឆិកា នៅក្នុងប្រទេសចិន ជាការអនុវត្ត ដែលត្រូវបានហាមឃាត់។ ប្រភពដែល ដឹងផ្ទាល់អំពីស្ថានភាព ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អាជ្ញាធរចិន បានស្នើឱ្យក្រុមតន្រ្តីនេះផ្តល់ «សេវានយោបាយ» ដែលមិនបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែតារាចម្រៀងរ៉ុក ពុំបានយល់ព្រមចំពោះសំណើនេះទេ។