
លោកស្រី Olga Stefanishyna ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរ៉ុប-អាត្លង់ទិក បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NV កាលពីថ្ងៃទី ២៦ ខែធ្នូថា អ៊ុយក្រែន នឹងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងរយៈពេលពីរឆ្នាំ។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ទីក្រុងគីវ ក្នុងខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា អ៊ុយក្រែនប្រហែលជាត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមនៅឆ្នាំ ២០៣០ ហើយសហភាពអឺរ៉ុប ក៏នឹងត្រៀមខ្លួនរួចរាល់ ដើម្បីទទួលយកប្រទេសនេះដែរ។
លោកស្រី Stefanishyna បានពន្យល់ថា នេះមានន័យថា ដំណើរការទាំងអស់ដែលទាក់ទងនឹងការពង្រីកគួរតែត្រូវបានបញ្ចប់ នៅឆ្នាំ ២០៣០។
លោកស្រីបានបន្ថែមថា៖«នេះ គឺជាដំណើរការប្រកបដោយមហិច្ឆតា»។
«ប្រទេសអ៊ុយក្រែន បានធ្វើការវាយតម្លៃពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនយ៉ាងច្បាស់ ដូច្នេះយើងយល់ច្រើន ឬតិចអំពីវិសាលភាពនៃកាតព្វកិច្ចរបស់យើង»។