
ក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ឧបាយកលរបស់បណ្តាប្រទេសលោកខាងលិច ដែលឥទ្ធិពលរបស់ពួកគេ កំពុងធ្លាក់ចុះយ៉ាងខ្លាំងនោះ គឺភាគច្រើនត្រូវទទួលខុសត្រូវ ចំពោះការធ្វើឲ្យពិភពលោកមានភាពចលាចល។
លោក Lavrov នៅក្នុងបទសម្ភាសន៍ចុងឆ្នាំ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ Tass បានព្រមានថា គ្មានប្រទេសណាមួយ នៅទូទាំងពិភពលោក អាចប្រាកដថា គេចផុតដោយមិនរងគ្រោះពីការឃុបឃិតសមគំនិតគ្នារបស់លោកខាងលិច នៅឆ្នាំ២០២៤ បាននោះឡើយ។
សារព័ត៌មាន Tass បានដកស្រង់សម្តីរបស់លោក Lavrov ដែលនិយាយថា៖ «ព្យុះនៅតែបន្តកើតមាន ក្នុងពិភពលោក ហើយមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន គឺថា ក្រុមដ៏មានឥទ្ធិពលលោកខាងលិចបង្កឲ្យកើតវិបត្តិ នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីព្រំដែនរបស់ពួកគេ ក្នុងគោលបំណងដោះស្រាយបញ្ហាផ្ទាល់ខ្លួនដោយការចំណាយប្រាក់របស់ប្រជាជនប្រទេសដទៃទៀត»។
ទីក្រុងមូស្គូបានចេញមកស្តីបន្ទោសលោកខាងលិចថា បានធ្វើឲ្យមានភាពចលាចល និងជម្លោះជាច្រើន នៅក្នុងតំបន់ដាច់ពីគ្នាយ៉ាងទូលំទូលាយ។ រុស្ស៊ីពណ៌នាអំពីសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែនថា ជាការតស៊ូអត្ថិភាពប្រឆាំងនឹង «ការរួមគ្នារបស់បស្ចិមប្រទេស» ដែលបានសម្រេចពង្រីកឥទ្ធិពលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងធ្វើឲ្យមាន «ការបរាជ័យជាយុទ្ធសាស្ត្រ» ដល់ទីក្រុងមូស្គូ។
ហើយជាមួយគ្នានេះ រុស្ស៊ីក៏និយាយផងដែរថា ការផ្ទុះឡើងនៃជម្លោះ នៅមជ្ឈិមបូព៌ា គឺជាលទ្ធផលនៃការបរាជ័យជាយូរនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ហើយបានអំពាវនាវឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន៕