
ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ (ទី២៧ ខែធ្នូ) បានធ្វើការព្រមាន ដោយលើកឡើងពីភាពអត់ឃ្លាន និងការអស់សង្ឃឹមយ៉ាងធ្ងន់ធ្ងរ នៅទូទាំងទឹកដីប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាម។
WHO បាននិយាយថា ខ្លួនបានបញ្ជូនការផ្គត់ផ្គង់ដល់មន្ទីរពេទ្យចំនួន២ កាលពីថ្ងៃទី២៦ ខែធ្នូ ដោយមានតែមន្ទីរពេទ្យចំនួន១៥ ប៉ុណ្ណោះ ក្នុងចំណោមមន្ទីរពេទ្យ ៣៦កន្លែង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលដំណើរការស្ទើរតែទាំងស្រុង។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលកំពុងកើតមានចំពោះប្រជាជន នៅតំបន់ហ្កាហ្សា និងដែលកំពុងប៉ះពាល់ដល់លទ្ធភាពរបស់បុគ្គលិកមនុស្សធម៌ ក្នុងការជួយអ្នក ដែលមានរបួសធ្ងន់ធ្ងរ ភាពអត់ឃ្លានយ៉ាងខ្លាំងក្លា និងហានិភ័យធ្ងន់ធ្ងរនៃការឆ្លងជំងឺ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ WHO បានលើកឡើងថា បុគ្គលិករបស់ខ្លួន បានរាយការណ៍ថា «អ្នកអត់ឃ្លាន ជាថ្មីម្តងទៀត បានបញ្ឈប់ក្បួនរថយន្តរបស់យើង នៅថ្ងៃនេះ ដោយសង្ឃឹមថា ទទួលបានអាហារ»។
សង្គ្រាមបង្ហូរឈាមបំផុតមិនធ្លាប់មាន នៅតំបន់ហ្កាហ្សា បានផ្ទុះឡើងនៅពេលដែលក្រុមហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់មនុស្សប្រហែល ១.១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខរបស់អ៊ីស្រាអែល។ លើសពីនោះទៀត ក្រុមនោះបានចាប់ចំណាប់ថ្នូរចំនួន ២៥០នាក់ ដែលក្នុងនោះ ១២៩នាក់ នៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា។ បើយោងតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានឲ្យដឹងថា អ៊ីស្រាអែល បានបើកការទម្លាក់គ្រាប់បែកតាមអាកាសយ៉ាងទូលំទូលាយ និងធ្វើការឡោមព័ទ្ធ បន្ទាប់មកវាយលុកតាមផ្លូវគោក។ យុទ្ធនាការនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១.១១០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕