ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សហការជាមួយអ្នកជំនាញក្នុង និងក្រៅប្រទេស រៀបចំនូវកម្មវិធីប្រឡងនារីឯកគ្រឿងអលង្ការ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ ។
ក្នុងជំនួបជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានលើកទឹកចិត្តទៅដល់សមាគមមួយនេះ ឱ្យប្រែក្លាយឧស្សាហកម្មត្បូងមានតម្លៃ ទៅជាឧស្សាហកម្មមួយ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមិនត្រឹមតែបង្កើនការលក់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជំរុញដល់កិច្ចសហការដល់ការលក់គ្រឿងអលង្ការ និងត្បូងមានតម្លៃទៅដល់បណ្ដាប្រទេស នៅជុំវិញពិភពលោក ។
ឯកឧត្តម បានជំរុញសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានកិច្ចសហការជាមួយនឹងប្រទេសរុស្ស៊ី និងបែលហ្ស៊ិក ដែលល្បីល្បាញផ្នែកគ្រឿងអលង្ការ និងត្បូងមានតម្លៃ បានគាំទ្រដល់គម្រោងរបស់សមាគម ក្នុងការរៀបចំកម្មវិធីប្រឡងនារីឯកគ្រឿងអលង្ការ ដោយកម្មវិធីនេះ អាចនាំកម្ពុជាឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការគាំទ្រ និងជំរុញយ៉ាងខ្លាំងចំពោះសកម្មភាព របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានអនុវត្តនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន ។
គួរបញ្ជាក់ថា សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាសមាគមមិនយកប្រាក់ចំណេញ និងបង្កើតឡើង ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកៀរគរវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា ។ សមាគមនេះ មានដៃគូមកពីសហគមន៍អាស៊ាន និងគ្រប់បណ្ដាប្រទេសលើពិភពលោក ហើយសមាគមគ្រោងនឹងរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីអាក់ខានក្នុងការរៀបចំអស់រយៈពេល៣ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ










