កែប ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លីធុជ បានថ្លែងថា ការងារបោសសម្អាតមីនឆ្នាំ២០២៣នេះ កម្ពុជាបានដាក់ ចេញនូវផែន ការបោសសម្អាតផ្ទៃដីមានមីន រហូតដល់ ៣៥៦ គីឡូម៉ែត្រក្រឡា ដែលជាផែនការប្រចាំឆ្នាំធំជាងគេក្នុងរយៈពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២។ ជាមួយគ្នានេះ កម្ពុជា បានក្លាយជាឈានមុខគេ និងត្រូវបានចាត់ ទុក ជាប្រទេសគំរូនៅលើសកលលោក សម្រាប់ភាពជាអ្នកដឹក នាំប្រកបដោយជោគជ័យលើវិស័យសកម្មភាពមីន។
ការថ្លែងបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដូច្នេះខណះ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់អាជ្ញាធរមីន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបាននូវកិត្តិយស និងការវាយ តម្លៃខ្ពស់ពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នូវសមត្ថភាពរបស់កម្ពុជា ដោយបានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត លី ធុជ បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទើបមានអាយុកាលជាង ៤ ខែ មកនេះត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធ ផលសម្រេចបាន និងបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយដឹកនាំប្រទេសជាតិឱ្យកាន់ តែមានការរីកចម្រើនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះរួមទាំងវិស័យសកម្មភាពមីននៅកម្ពុជាផងដែរ។ សមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តការគាំទ្រយ៉ាងពេញទំហឹង និងមុះមុតក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីតាងនាមសម្តេចធិបតីនាយករដ្ឋមន្រ្តីនិងជាប្រធានអាជ្ញាធរមីនបានថ្លែង អំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញការងារសម្រាប់សកម្មភាពមីននៅកម្ពុជាបានយ៉ាងល្អប្រសើរ ចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទះខ្ពស់។ ការទទួលជោគជ័យរយៈពេល ៣០ឆ្នាំ នៃសកម្ម ភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នា មិនត្រឹមតែបំពេញបេសកកម្មដើម្បីស្ថាប័នអាជ្ញាធរមីនប៉ុណ្ណោះទេ យើងថែមទាំងបំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេស ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។ យើងទាំងអស់នឹងរួមគ្នា រំដោះប្រទេសជាតិយើងចេញពីទុក្ខវេទនា និងការគម្រាមកំហែងពីគ្រាប់មីន។
ក្រោយសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អាជ្ញាធរមីន នៅមានកិច្ចការជាច្រើនទៀត រួមទាំងការរៀបចំនូវផែនការយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាសំខាន់ៗចំនួន២ រួមមាន ទី១/. ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន និងទី២/.ការគាំទ្ររៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសម្រាប់ក្រោយឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកអាជ្ញាធរមីនបន្តប្រកាប់ខ្ជាប់នូវអកប្បកិរិយានិងឥរិយាបទចំនួន៧ចំណុចក្នុងបំពេញ ការងារប្រចាំថ្ងៃ រួមមាន៖ ភាពស្មោះត្រង់ចំពោះស្ថាប័ននិងជាតិ ការបំពេញកាតព្វកិច្ច ការគោរពគ្នាទៅវិញទៅមក ការផ្តល់សេវាដោយមិនគិតពីប្រយោជន៍ខ្លួនឯង ការផ្តល់កិត្តិយសឱ្យគ្នា សុចរិតភាព សេចក្តីក្លាហានិងការពុះពារ៕ អត្ថបទ ៖ ភារម្យ








