ភ្នំពេញ ៖ ភោជនីយដ្ឋានវ័នម៉រ បានប្រារព្ធពិធី “រីករាយខួបអនុស្សាវរីយ៍ ១៥ឆ្នាំ លើកស្ទួយអត្តសញ្ញាណម្ហូបខ្មែរ” ក្នុងចេតនាថ្លែងអំណរគុណ អតិថិជនដែលបាននិងកំពុងបន្ដគាំទ្រទាំងម្ហូបអាហារ និងសេវាកម្ម នាពេលកន្លង និងដើម្បីអបអរសាទរលើនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យ ក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ក្នុងរយៈ ពេល១៥ឆ្នាំកន្លងទៅនេះ ព្រមជាមួយនិង ការពង្រីកអាជីវម្មនិងសាខាបន្ថែមក្នុងឆ្នាំកន្លងទៅ។
ខួបអនុស្សាវរីយ១៥ឆ្នាំ របស់ភោជនីយដ្ឋានវ័នម៉រ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថិតក្រោមវត្តមានឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិភោជនីយដ្ឋានវ័នម៉រ ព្រមទាំងធ្វើការជួបជុំថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជួបជុំអតិថិជន និងថបហ្វេនរបស់ខ្លួន ជាមួយកម្មវិធីកាត់នំខ្មែរគម្រប់ខួប ចែកវត្ថុអនុស្សាវរីយ៍ ព្រមជាមួយនិងប្រូម៉ូសិនពិសេសពេញមួយខែធ្នូនេះ ដូចជា ការបញ្ចុះតម្លៃ១៥%ការប្ដូរពិន្ទុសមាជិកយករង្វាន់ និងការផ្តល់ជូនឥតគិតថ្លៃពិសេស។
នាឱកាសនេះលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិភោជនីយដ្ឋានវ័នម៉រ បានថ្លែងថា ”កត្តាជោគជ័យរបស់យើង រហូតមកដល់ឆ្នាំទី១៥នេះ គឺកើតចេញពីការគាំទ្រដ៏មានតម្លៃរបស់អតិថិជន និងកិច្ចសហការជាមួយដៃគូផ្គត់ផ្គង់ទាំងអស់ ដែលជួយឱ្យយើងអាចបំពេញបេសកកម្ម សម្រេចទស្សនវិស័យ និងប្រតិបត្តិការរបស់យើង។ យើងប្ដេជ្ញាប្រឹងប្រែងបន្ត លើកស្ទួយម្ហូបអាហារខ្មែរ ដោយអភិរក្ស លើកតម្កើង និងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយតទៅមុខទៀត។ ជាការពិតណាស់ ភោជនីយដ្ឋានវ័នម៉រ ជាភោជនីយដ្ឋានជាតិ ដែលតែង យក ចិត្ត ទុក ដាក់ លើ គុណភាពម្ហូបអាហារ និងសេវាកម្ម។ វ័នម៉រ មានទស្សនវិស័យ និងបេសកកម្មវែងឆ្ងាយ ក្នុងការលើកស្ទួយវប្បធម៌ម្ហូបខ្មែរ ដើម្បីវិវត្តន៍ខ្លួនទៅជាភោជនីយដ្ឋានខ្មែរ ដែលត្រូវបានគេកោតសរសើរជាងគេ ក្នុងវិស័យម្ហូបអាហារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ភោជនីយដ្ឋានវ័នម៉រ ត្រូវបានបង្កើត ឡើង ក្នុង ឆ្នាំ ២០០៨ ដោយ អ្នក វិនិយោគ ទុន ជនជាតិខ្មែរ ក្នុងគោលបំណង លើក ស្ទួយ សេដ្ឋកិច្ចជាតិ អភិរក្សម្ហូបអាហារខ្មែរ បណ្តុះបណ្តាលធនធានមនុស្ស និងពង្រីកទីផ្សារការងារ ក្នុង ប្រទេស រឹតតែពិសេសទៀតនោះផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារខ្មែរឱ្យកាន់តែទូលំទូលាយសព្វសាយដល់សាធារណជន។ ភោជនីយដ្ឋានវ័នម៉រ បច្ចុប្បន្នមាន២ទីតាំង គឺភោជនីយដ្ឋានវ័នម៉រ ទួលគោក និងភោជនីយដ្ឋានបឹងកក់ ដែលទើបតែបើកដំណើរការ កាលពីឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ ព័ត៌មានលម្អិតទាក់ទងនឹងម្ហូបអាហារ និងសេវាកម្ម៖ 023 888 222៕ អត្ថបទ៖ រដ្ឋា












