
អតីតប្រធានគណៈកម្មការអឺរ៉ុបលោក Jacques Delors ដែលជាបិតាស្ថាបនិកនៃគម្រោងរូបិយប័ណ្ណតែមួយជាប្រវត្តិសាស្ត្ររបស់សហភាពអឺរ៉ុប (EU) បានទទួលមរណភាព កាលពីថ្ងៃពុធ (២៧ ធ្នូ) ក្នុងវ័យ ៩៨ឆ្នាំ។
លោក Delors ដែលជាអ្នកតស៊ូមតិដ៏ក្លៀវក្លា ដើម្បីឲ្យធ្វើសមាហរណកម្មអឺរ៉ុប ក្រោយសង្គ្រាម បានធ្វើតួនាទីជាប្រធានគណៈកម្មការសហភាពអឺរ៉ុប ដែលជាអង្គនីតិប្រតិបត្តិរបស់ EU រយៈពេល ៣អាណត្តិ ដែលជាពេលវេលាយូរជាងអ្នកកាន់តំណែងការិយាល័យផ្សេងទៀត ពោលគឺចាប់ពីខែមករា ឆ្នាំ១៩៨៥ រហូតដល់ចុងឆ្នាំ១៩៩៤។
អំឡុងទសវត្សរ៍ដ៏រើសរវើករបស់លោក Delors ក្នុងឋានៈជាប្រធានគណៈកម្មាការ សហភាពអឺរ៉ុបបានបញ្ចប់ជាស្ថាពរ ក្នុងរួមបញ្ចូលគ្នាទីផ្សារតែមួយរបស់ខ្លួន ហើយបានព្រមព្រៀងដាក់ចេញនូវរូបិយប័ណ្ណតែមួយ និងបង្កើតគោលនយោបាយការបរទេស និងសន្តិសុខរួម។
បន្ទាប់ពីការដួលរលំនៃជញ្ជាំងប៊ែរឡាំង ក្នុងឆ្នាំ១៩៨៩ ប្លុកប្រទេសដែលពេលនោះ មាន ១២ប្រទេស ក៏បានបង្កើតលក្ខខណ្ឌនៅក្រោមការត្រួតពិនិត្យរបស់លោក សម្រាប់ការទទួលយកនាពេលអនាគត ចំពោះអតីតរដ្ឋកុម្មុយនីស្តនៃអឺរ៉ុបកណ្តាល និងខាងកើត។
កូនស្រីរបស់លោក គឺលោកស្រី Martine Aubry ដែលជាអភិបាលក្រុង Lille របស់គណបក្សសង្គមនិយម បាននិយាយថា ឪពុករបស់លោកស្រី បានលាចាកលោកនេះ ពេលលង់លក់ក្នុងដំណេក នៅឯគេហដ្ឋានរបស់លោក នាទីក្រុងប៉ារីស ប្រទេសបារាំង៕