
ប្រជាជននៅក្នុងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេម៉ែន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ ដោយសារការដឹកជញ្ជូនទំនិញសំខាន់ៗ អាចរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃការរាលដាលនូវជម្លោះចុងក្រោយ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
ភាពតានតឹងនៅលើសមុទ្រក្រហម បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលដែលក្រុមហ៊ួទី ដែលជាក្រុមសកម្មប្រយុទ្ធ មានមូលដ្ឋាននៅយេម៉ែន បានវាយប្រហារលើនាវាពាណិជ្ជកម្មដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ដោយទាមទារឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលធ្វើឡើង ដើម្បីសងសឹកចំពោះការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ព្រមទាំងទាមទារឲ្យមានការផ្តល់ស្បៀងអាហារ និងថ្នាំទៅកាន់ដែនដីហ៊ុមព័ទ្ធប៉ាឡេស្ទីន ដោយមិនមានការរារាំង។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសពីការបង្កើតកងនាវាចរជាតិចំនួន ១០ប្រទេស ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ក្រុមហ៊ួទី លើនាវានានា ដែលឆ្លងកាត់សមុទ្រក្រហម។ ក្រុមហ៊ួទី កាលពីថ្ងៃអាទិត្យ (ទី២៤ ខែធ្នូ) បានធ្វើការគំរាមកំហែងយ៉ាងក្ដែងៗ ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយទាមទារឲ្យពួកគេដកនាវាចម្បាំងចេញពីសមុទ្រក្រហម បើមិនដូច្នេះទេ ក្រុមសកម្មប្រយុទ្ធនេះ នឹងប្រែក្លាយសមុទ្រទៅជា «សង្វៀនប្រយុទ្ធដ៏ក្ដៅគគុក»។
កំពង់ផែ Hodeidah គឺជាច្រកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនស្បៀងអាហារ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងចូលទៅកាន់ប្រទេសយេម៉ែន ដែលប្រជាជនស្ទើរតែ ២១លាននាក់ ឬជិត ៧០ភាគរយនៃចំនួនប្រជាជនសរុប នៅក្នុងតំបន់នោះ ត្រូវការជំនួយមនុស្សធម៌ ដើម្បីសង្គ្រោះជីវិត៕