
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទៅទស្សនកិច្ចនៅអង្គភាពយោធាខ្សែត្រៀមជួរមុខមួយ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) ជាកន្លែង ដែលលោកបានអំពាវនាវឲ្យមានការសងសឹកភ្លាមៗ ប្រសិនបើមានការបង្កហេតុណាមួយពីកូរ៉េខាងជើង។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដោយការិយាល័យរបស់លោក Yoon អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អង្គភាព ដែលមានទីតាំងនៅតំបន់ Yeoncheon ភាគខាងកើត លោក Yoon បានជំរុញឲ្យកងទ័ព «កម្ទេចចោលភ្លាមៗ និងដាច់ខាត ចំពោះគោលបំណងរបស់សត្រូវ ក្នុងការបង្កហេតុ នៅនឹងកន្លែង»។ លោក Yoon ក៏ត្រូវបានប្រាប់ឲ្យដឹងសង្ខេបអំពីការត្រៀមខ្លួនរបស់យោធា ដោយមន្ត្រីមកពីអង្គភាព និងបានជួបជាមួយទាហាន ដែលបានចូលរួម។
នៅព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំរបស់ខ្លួន លោក Kim Jong Un បានបញ្ជាឲ្យវិស័យយោធា ឧស្សាហកម្មអាវុធ និងអាវុធនុយក្លេអ៊ែររបស់ប្រទេសលោក ពន្លឿនការត្រៀមខ្លួនឲ្យរួចរាល់សម្រាប់សង្រ្គាម ដើម្បីទប់ទល់នឹងអ្វី ដែលលោកហៅថា ការបង្កឲ្យមានការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមកពីសំណាក់សហរដ្ឋអាមេរិក៕