
របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) នេះ បានបង្ហាញនូវការសោកស្ដាយចំពោះអ្វី ដែលខ្លួនបាននិយាយថា ជា «ការធ្លាក់ចុះសិទ្ធិមនុស្សយ៉ាងឆាប់រហ័ស» នៅតំបន់វ៉េសប៊ែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយបានជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល បញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅទីនោះ។
របាយការណ៍ដែលចេញផ្សាយដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបង្ហាញថា ជនជាតិប៉ាឡេស្ទីន ៣០០នាក់ ត្រូវបានសម្លាប់ នៅតំបន់វ៉េសប៊ែង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ជាថ្ងៃដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានការវាយឆ្មក់សម្លាប់មនុស្សយ៉ាងកំរោល នៅភាគខាងត្បូងអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរតយកត្រឡប់ទៅតំបន់ហ្កាហ្សា។
របាយការបានឲ្យដឹងថា ការសម្លាប់ភាគច្រើន បានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ឬការប្រឈមមុខដាក់គ្នាជាមួយពួកគេ។ របាយការណ៍បានបន្ថែមថា ការស្លាប់យ៉ាងហោច ១០៥នាក់ អាចត្រូវបានសន្មត់ថា ដោយសារប្រតិបត្តិការរបស់អ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាស ឬយុទ្ធសាស្ត្រយោធាផ្សេងទៀត នៅក្នុងជំរុំជនភៀសខ្លួន ឬតំបន់ដែលមានប្រជាជនរស់នៅច្រើន។
មិនមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីអ៊ីស្រាអែលលើរបាយការណ៍នេះទេ។ អ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការរបស់ខ្លួន នៅតំបន់វ៉េសប៊ែង គឺជាការត្រៀមទុកជាមុន និងមានគោលបំណងទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខ៕