ភ្នុំពេញៈសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរពួកតាំងខ្លួនជាបិតាសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យថា ប្រសិនបើកម្ពុជាមិនឱ្យនាវា Westerdam ចូលចតកាលពីជិតបួនឆ្នាំ មុនទេ តើជីវិតមនុស្សដែលនៅលើនាវាដ៏ធំមួយនេះប៉ុន្មាននាក់ទៅដែលបានស្លាប់ និងរស់?។
តាមរយៈឆាណែលតេក្រាម និងហ្វេសបុក ដោយភ្ជាប់មក ជាមួយវិដេអូឃ្លីបរាំកំសាន្តរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមនាវា Westerdam ដែលមកកំសាន្តនៅ កម្ពុជា ជាថ្មីម្តងទៀតនៅកំពង់ផែ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះសម្តេចតេជោ បានលើកឡើងថាភ្ញៀវទេសចររាំលេងនៅលើនាវា Westerdam ដែលវិលត្រឡប់មកកម្ពុជាសារជាថ្មីបន្ទាប់ពីចូលចតនាខែកុម្ភៈ ឆ្នាំ ២០២០ គ្រាដែលជងឺកូវីដ-១៩ កំពុងរាតត្បាតពេញសកលលោក ដែលធ្វើឱ្យប្រទេសមួយចំនួនមិនហ៊ានឱ្យនាវានេះចូលចត។
សម្ដេចតេជោ ចោទសួរថា «ពេលនោះប្រសិនកម្ពុជាមិនឱ្យនាវានេះចូលចតតើជីវិតមនុស្សនៅលើ វានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាននៅរស់ប៉ុន្មាន?»។ សម្តេចបន្ថែមទៀតថា«ខ្ញុំចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធមនុស្សនិងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។ សម្រាប់ខ្ញុំពីដើមដល់ចប់សិទ្ធិរស់រានមានជីវិតគឺជាចំណុចសំខាន់ជាងគេព្រោះបើស្លាប់ទៅហើយតើមានសិទ្ធ និងប្រជាធិបតេយ្យអ្វីទៀត»៕








