ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបានខិតខំសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការចុះស្រាវជ្រាវគ្រប់ទីកន្លែងនូវប្រវត្តិសាស្រ្តពិតរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី និងតួអង្គសំខាន់ដ៏ទៃទៀត រហូតដល់ការសាងសង់នូវវិមានឈ្នះ ឈ្នះ សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តទាំងនោះ ដើម្បីបង្ហាញនូវតថភាពពិតប្រាកដរបស់កម្ពុជា ទាំងភាពជួរចត់ និងភាពជោគជ័យនោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា គ្រប់ជំនាន់ចង់ចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដ របស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើងដើម្បីសម្រាប់ទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ គឺធ្វើឡើងដើម្បីជាការបង្ហាញ និងទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាល សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អះអាងថា នយោបាយឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀតរួមទាំងប្រជាពលរដ្ឋផងដែរ។
-សម្តេចធិបតីហ៊ុន ម៉ាណែត ចោទជាសំណួរថា ប្រសិនបើក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាពុំមានសុខ សន្តិភាពទេ តើមានទាហាន នគរបាល ឬបងប្អូនទាំងអស់ដែលកំពុងឈរនៅទីនេះមានប៉ុន្មាននាក់ ខណៈ វត្តមានរបស់បងប្អូននៅទីនេះ បានគឺជាផលលាភដែលបានកើតឡើងចេញពីសុខសន្តិភាពនេះហើយ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើមិនមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេ តើក្នុងរយៈពេល២៥ឆ្នាំមកនេះ មានខេត្តណាខ្លះទៅដែលនឹងត្រូវប្រកាសថា ជាខេត្តគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ? នេះជាសំណួរដែលត្រូវ ចោទសួរយើងទាំងអស់គ្នា?។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពបង្ករជម្រើស បង្កើតឱកាសដល់កូនចៅខ្មែរគ្រប់រូប ហើយផលលាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែបច្ចុប្បន្ននោះទេ គឺបានផលដល់កូនខ្មែរគ្រប់ជំនាន់ និងជារៀងរហូតតទៅ។
-សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើ ឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងឆ្នាំ២០៥០ ជាប្រទេសចំណូលកម្រិតខ្ពស់ ខណៈ មហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយចំនួនដែលរិះគន់ នៃការសាងសង់វិមានឈ្នះ ឈ្នះថា វិមានឈ្នះ ឈ្នះ គឺបានសាងសង់ឡើង ដើម្បីជានិមិត្តរូបនៃកូនខ្មែរទាំងអស់គ្នា ធ្វើឡើងដើម្បីជានិមិត្តរូបនៃសុខសន្តិភាពរបស់កម្ពុជា ទាំងមូល មិនមែនធ្វើឡើងដើម្បីតែលើកតម្កើងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមប្រឆាំងថា ភាពជោគជ័យនៃនយោបាយឈ្នះ ឈ្នះ គឺទទួលបានផលទាំងអស់គ្មា មិនថាក្រុមអ្នករិះគន់ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះឡើយ។