ភ្នំពេញ ៖ ថ្មីៗនេះក្រសួងអប់រំ បានប្រកាសថា ការប្រឡងថ្នាក់ទី៩ ក៏ដូចជា ការប្រឡងថ្នាក់ជាតិថ្នាក់ទី១២ នៅតែបន្តរៀបចំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។ ការអះអាងរក្សាការប្រឡងនេះ គឺមានការចាប់អារម្មណ៍ច្រើន ជាពិសេសសិស្សថ្នាក់ទី១២ ដោយមានទាំងការគាំទ្រ និងការមិនគាំទ្រ។
ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសនាពេលចុងសប្ដាហ៍មុនថា ការប្រឡងទាំងថ្នាក់ទី៩ និងថ្នាក់ទី២ ទាំងរដ្ឋនិងឯកជន នឹងរៀបចំឡើង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
ក្រសួងអប់រំ បានកំណត់យកថ្ងៃទី១៥ វិច្ឆិកា ២០២១ សម្រាប់ការប្រឡងថ្នាក់ទី៩ និងកំណត់យកថ្ងៃទី០៦ ធ្នូ២០២១ សម្រាប់ការប្រឡងបាក់ឌុបសម្រាប់សាលារដ្ឋ។ ចំពោះសាលារៀនឯកជនវិញ គឺកំណត់យកថ្ងៃទី១១ តុលា ២០២១ សម្រាប់សិស្សថ្នាក់ទី៩ និងកំណត់យកថ្ងៃទី២៥ តុលា ២០២១ សម្រាប់សិស្សថ្នាក់ទី ១២។
ការរក្សាការប្រឡងនេះ គឺមានការចាប់អារម្មណ៍ច្រើន ជាពិសេសសិស្សថ្នាក់ទី១២ដែលត្រូវបញ្ចប់ថ្នាក់វិទ្យាល័យ ចូលទៅសកលវិទ្យាល័យ។ សិស្សមួយចំនួនលើកឡើងនូវជំនឿទុកចិត្តចំពោះការរៀបចំ របស់ក្រសួងអប់រំ ដោយខ្លួនកំពុងព្យាយាមខិតខំរៀនសូត្រគ្រប់វិធីសាស្ត្រ សម្រាប់ការឡងខាងមុខ។
យ៉ាងណាម៉ិញ ការរក្សាការប្រឡងនេះ ក៏មានការមិនពេញចិត្តមួយចំនួន ពីសំណាក់សិស្សផងដែរ។ ជាក់ស្ដែង គឺមានការចូលទៅបញ្ចេញមតិសម្ដែងការមិនពេញមួយចំនួន ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំផ្ទាល់តែម្ដង។ ការលើកឡើងនូវភាពមិនពេញចិត្ត ភាគច្រើនគឺក្រោមហេតុផល សិក្សានៅថ្នាក់រៀនបានតិច និងភាពពិបាកនៃការសិក្សាតាមប្រព័ន្ធអនឡាញ ដែលក្រសួងបន្តផ្ដល់ជូនរាល់ថ្ងៃ។ ភាពពិបាកកាន់តែមានច្រើន ពិសេសសម្រាប់សិស្សនៅតាមបណ្ដាខេត្តជនបទ។
សម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុក មួយនាក់ឈ្មោះ Dazai Sama បានលើកឡើងថា “ ទី ១២ឆ្នាំនេះ ពិបាកជាងឆ្នាំមុនឆ្ងាយណាស់ ឆ្នាំមុនគេបានរៀននៅសាលាខ្លះ តែឆ្នាំនេះវិញរៀនបានមួយខែ បិទសាលាបាត់ រៀនតាមអនឡាញ ខ្ញុំខំប្រឹងកត់មេរៀនយកពិន្ទុប្រចាំខែហើយ តែបើប្រឡងបាក់ឌុបវិញគឺសង្ឃឹមតិចណាស់ គណិតរូប គីមី ជីវៈ មិនសូវមានការរៀនតាម zoom ទេ ភាគច្រើនគឺមុខវិជ្ជាកត់មេរៀនបានតែត្រឹមកត់មេរៀនហើយ ផ្ញើអោយគ្រូដើម្បីយកពិន្ទុ។ និយាយតាមត្រង់បើខ្ញុំធ្លាក់មែនគឺ អស់ចិត្តហើយអត់ស្ដាយក្រោយទេ។” រីឯអ្នកប្រើហ្វេសប៊ុក មួយនាក់ទៀត បានបានលើកឡើងថា “ សិស្សធ្លាក់យ៉ាងតិច ៧០ ទៅ ៨០% បើប្រឡងទាំងខ្ញុំទាំងគេ តើយកអ្វីទៅប្រឡងមួយឆ្នាំរៀនបានពីរខែ?” ។
សម្រាប់ឆ្នាំ ២០២១នេះ ក្រសួងអប់រំបានសម្រេចផ្អាកការសិក្សាក្នុងថ្នាក់រៀនទូទាំងប្រទេស គ្រប់កម្រិតសិក្សាទាំងរដ្ឋ និងឯកជន តាំងពីថ្ងៃទី ២០ ខែមីនា មកម្ល៉េះ។ មកទល់ពេលនេះ ក៏ពុំទាន់មានការជូនដំណឹងជាថ្មី ពីការបើកដំណើរការថ្នាក់រៀនវិញនោះទេ ព្រោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់បានបិទបញ្ចប់និងករណីឆ្លងស្ថិតក្នុងចំនួនច្រើនជារៀងរាល់ថ្ងៃ។ សព្វថ្ងៃ ក្រសួងអប់រំនៅតែបន្តលើកទឹកចិត្ត ជំរុញឱ្យសិស្សព្យាយាមធ្វើស្វ័យសិក្សា ក៏ដូចជាសិក្សាតាមប្រព័ន្ធអនឡាញ ដែលក្រសួងមានផ្ដល់ជូន៕
អត្ថបទ ៖ គឹមហុក


