ទាហានអ៊ីស្រាអែល បានសម្លាប់ចំណាប់ថ្នូរអ៊ីស្រាអែលចំនួនបីនាក់ នៅហ្កាហ្សាកាលពីថ្ងៃទី១៥ ខែធ្នូ នៅពេលដែលយល់ច្រឡំការស្រែករកជំនួយរបស់អ្នកទាំងនោះថា ជាការបញ្ឆោតដោយពួកសកម្មប្រយុទ្ធហាម៉ាស ដើម្បីទាក់ទាញពួកគេឱ្យចូលទៅក្នុងការវាយឆ្មក់មួយ នេះបើយោងតាមយោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) ដោយសន្និដ្ឋានថាក្រុមទាហានបានធ្វើសកម្មភាពត្រឹមត្រូវតាមការយល់ដឹងរបស់ពួកគេ។

កាលពីថ្ងៃទី១៥ ខែធ្នូ យោធាអ៊ីស្រាអែលបានចេញមុខទទួលខុសត្រូវភ្លាមៗចំពោះការសម្លាប់ចំណាប់ថ្នូរចំនួនបីនាក់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស លើទីក្រុងនានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ចំណាប់ថ្នូរបីនាក់ដែលត្រូវបានសម្លាប់នោះស្ថិតក្នុងចំណោមមនុស្ស ២៤០នាក់ ដែលក្រុមប៉ាឡេស្ទីនមួយនេះចាប់ជាចំណាប់ថ្នូរ។

យោធាអ៊ីស្រាអែលបានចេញផ្សាយការរកឃើញរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានសន្និដ្ឋានថា «មិនមានអំពើឃោរឃៅនៅក្នុងព្រឹត្តិការណ៍នេះទេ ហើយទាហានបានអនុវត្តសកម្មភាពត្រឹមត្រូវតាមការយល់ដឹងរបស់ពួកគេអំពីព្រឹត្តិការណ៍នៅពេលនោះ»។
ការស៊ើបអង្កេតបានរកឃើញថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាច្រើនថ្ងៃ មិនមានការស៊ើបការណ៍សម្ងាត់ណាមួយដែលបង្ហាញថាចំណាប់ថ្នូរទាំងនោះត្រូវបានឃុំខ្លួននៅក្នុងអគារដែលកងទ័ពជួបប្រទះនឹងការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរនោះទេ។

យោធាបាននិយាយថា វីដេអូបានបង្ហាញពីចំណាប់ថ្នូរបានដោះអាវរបស់ពួកគេ ហើយម្នាក់ក្នុងចំណោមនោះបានគ្រវីទង់ពណ៌ស ប៉ុន្តែពួកគេត្រូវបានគេកំណត់អត្តសញ្ញាណថាជាចំណាប់ថ្នូរ បន្ទាប់ពីសាកសពត្រូវបានពិនិត្យប៉ុណ្ណោះ៕