មហាអំណាចលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសប្រទេសអ៊ីរ៉ង់ចំពោះការពន្លឿនការផលិតអ៊ុយរ៉ានីញ៉ូម ក្នុងកម្រិតខ្ពស់របស់ខ្លួន បន្ទាប់ពីអង្គការឃ្លាំមើលការមិនរីកសាយអាវុធនុយក្លេអ៊ែរ និយាយថា អ៊ីរ៉ង់បានបង្កើនទិន្នផលរបស់ខ្លួនបន្ទាប់ពីការធ្លាក់ចុះជាច្រើនខែ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេ ថ្កោលទោសវិធានការនេះដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការបន្តកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយបន្ថែមថា ការផលិតសារធាតុអ៊ុយរ៉ានីញ៉ូ ក្នុងម្រិតខ្ពស់របស់អ៊ីរ៉ង់ មិនមានហេតុផលស៊ីវិលគួរឱ្យជឿជាក់នោះទេ។

អ្នកនាំពាក្យរបស់ទាំងប្រទេសនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា យើងជំរុញឱ្យអ៊ីរ៉ង់ ទម្លាក់ចោលជំហានទាំងនេះជាបន្ទាន់ និងបន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
ពួកគេបាននិយាយថា យើងនៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយការទូត ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងថា អ៊ីរ៉ង់មិនត្រូវអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានចេញផ្សាយរបាយការណ៍មួយដោយនិយាយថាប្រទេសអ៊ីរ៉ង់ បានបង្កើនការផលិតអ៊ុយរ៉ានីញ៉ូម ក្នុងកម្រិតខ្ពស់ ផ្ទុយពីការថយចុះទិន្នផលកាលពីកន្លងទៅ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ នេះ។
អង្គការឃ្លាំមើលការមិនរីកសាយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបង្កើនទិន្នផលរបស់ខ្លួន៦០% ដែលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់អត្រាប្រហែល៩ គីឡូក្រាម ក្នុងមួយខែ ចាប់តាំងពីចុងខែវិច្ឆិកាមក។
ចំនួននោះគឺកើនឡើងពីប្រហែល ៣គីឡូក្រាមក្នុងមួយខែចាប់តាំងពីខែមិថុនា មក និងការត្រលប់ទៅដល់ចំនួន ៩ គីឡូក្រាមក្នុងមួយខែ ដែលប្រទេសនេះកំពុងផលិតក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ មហាអំណាចលោកខាងលិចបាននិយាយថា ការវិវឌ្ឍន៍ទាំងនេះបង្កើតបានជាជំហានមួយក្នុងទិសដៅអាក្រក់មួយរបស់អ៊ីរ៉ង់ ដោយព្រមានអំពី ហានិភ័យនៃការរីកសាយភាយដ៏គ្រោះថ្នាក់៕