ក្រសួងការពារជាតិចិន បានរិះគន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ មួយសប្ដាហ៍ បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសទាំង២ បានបន្តការពិភាក្សាកម្រិតខ្ពស់ ដោយរិះគន់សហរដ្ឋអាមេរិក ចំពោះសកម្មភាពជ្រៀតជ្រែកដែលនៅតែបន្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនិយាយថា ប្រទេសចិន បានព្យាយាមទប់ស្កាត់ផ្នត់គំនិតសង្គ្រាមត្រជាក់។

ភាគីទាំងពីរបានសន្យានៅក្នុងកិច្ចពិភាក្សាថា នឹងធ្វើការឆ្ពោះទៅរកការស្តារទំនាក់ទំនងឡើងវិញ ដើម្បីជៀសវាងការគណនាខុស និងការយល់ច្រឡំ ដោយសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការធ្វើការការងាររួមគ្នាបន្ថែមទៀត ដើម្បីធានាថាទំនាក់ទំនងយោធានៅតែបើកចំហ និងអាចទុកចិត្តបាន។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិចិនបានបញ្ចេញប្រតិកម្មចំៗនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំចុងក្រោយនោះ។

អ្នកនាំពាក្យ លោក វ៉ូ ជៀន (Wu Qian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបន្តពង្រឹងការដាក់ពង្រាយផ្នែកយោធានៅអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន ដែលបញ្ហានេះ ពោរពេញទៅដោយផ្នត់គំនិតសង្គ្រាមត្រជាក់ ។

គោលដៅនេះ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក និងដើម្បីរក្សាអនុត្តរភាពរបសអាមេរិក ដូចគ្នា។ ធម្មជាតិរបស់សហរដ្ឋអាមេរិក គឺដើម្បីជំរុញឱ្យមានការប្រឈមមុខដាក់គ្នា។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានសង្ឃឹមថា កិច្ចពិភាក្សាកាលពីសប្តាហ៍មុន នៅពេលដែលឧត្តមសេនីយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ឆាលស៍ ប្រោន( Charles Brown)និងសមភាគីចិន របស់លោក គឺឧត្តមសេនីយ៍ លីវ ឈិនលី (Liu Zhenli) បានធ្វើសន្និសីទតាមវីដេអូនៅក្នុងព្រឹត្តិការណ៍បែបនេះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ អាចនាំមកនូវការស្តារឡើងវិញយ៉ាងទូលំទូលាយនៅក្នុងទំនាក់ទំនងយោធា។លោក Wu បាននិយាយថា ការជួបពិភាក្សាតាមវីដេអូ នេះ បានផ្តល់នូវ លទ្ធផលវិជ្ជមាន និងស្ថាបនា៕