កណ្ដាល ៖ នៅសល់ប្រមាណតែបីថ្ងៃទៀតប៉ុណ្ណោះ ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១ នៅតាមទីប្រជុំជន និងកម្មកររោងចក្រតាមក្រុងស្រុកនៅខេត្តកណ្តាល នឹងត្រូវបិទបញ្ចប់ ហើយក្រុមពេទ្យនឹងដំណើរការចាក់តែដូសទី២។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ សំគាល់ឃើញថា បណ្តាស្ត្រីជាកម្មការិនីមានផ្ទៃពោះកំពុងបំរើការងារនៅតាមរោងចក្របានបង្ហាញពីការសោកស្តាយដោយសារមិនអាចចាក់វ៉ាក់សាំងពេលឱកាសមកដល់នេះ។
បើតាមកម្មការិនីដែលមានផ្ទៃពោះកំពុងបំរើការងារនៅក្នុងរោងចក្រប្រូពីស័ស ក្នុងក្រុងតាខ្មៅខេត្តកណ្តាល បានប្រាប់ BTV នៅថ្ងៃទី២១ ខែមិថុនានេះ ថា នៅក្នុងរោងចក្រប្រូពីស័សនេះ គ្រប់កម្មករកម្មការិនីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់ហើយ ប៉ុន្តែសម្រាប់កម្មការិនីអំឡុងពេលកំពុងមានផ្ទៃពោះ ក្រុមពេទ្យបានណែនាំថាមិនអាចចាក់វ៉ាក់សាំងនេះបាននោះទេ ដោយសារបារម្ភខ្លាចប៉ះពាល់ទារកនៅក្នុងផ្ទៃម្តាយ តែទោះយ៉ាងណា បណ្តាកម្មការិនីដែលមានផ្ទៃពោះទាំងនោះ ក៏បានត្រៀមទៅចាក់ការពារខ្លួនផងដែរ នៅក្រោយពេលសម្រាលបានបីខែ។
កម្មការិនីកំពុងពរពោះ បានថ្លែងថា ទោះយ៉ាងណានៅក្នុងអំឡុងពេលនេះ យើងបានបន្តធ្វើការងារក្នុងរោងចក្រជាធម្មតា តែត្រូវប្រកាន់ខ្ជាប់អនុវត្តវិធាន៣កុំ៣ការពារយ៉ាងខ្លាំងក្លាបំផុត ចៀសវាងការឆ្លងមេរោគកូវីដ-១៩ អំឡុងពេលពរពោះនេះអោយខាងតែបាន។
បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនានេះ ក្រុមពេទ្យបាននិងកំពុងចុះចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋ និងកម្មករកម្មការិនីទូទៅនៅតាមទីប្រជុំជនតាមភូមិឃុំសង្កាត់ តាមរោងចក្រនានានៅទូទាំងខេត្តកណ្តាល បានចំនួនជាង៧០% នៃចំនួនវ៉ាក់សាំងដែលត្រូវចាក់ជិត៦០ម៉ឺននាក់ (៥៩៩២៥១នាក់) ហើយនៅសល់ប្រមាណតែ៣ថ្ងៃទៀត ការចាក់ដូសទី១ នឹងត្រូវបិទបញ្ចប់ ហើយក្រុមពេទ្យនឹងត្រូវបន្តចាក់តែដូសទី២ ជូនពលរដ្ឋ និងកម្មករកម្មការិនីណាដែលបានចាក់ដូសទី១តែប៉ុណ្ណោះ។
វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់ថា នៅក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋអាទិភាពមានមន្ត្រីរាជការជួរមុខ នគរបាល មន្ត្រីចូលនិវត្តន៍ និងអាជីវករជាដើមកន្លងមក គឺក្រុមពេទ្យចាក់បានប្រមាណជាង៧ម៉ឺននាក់ ហើយនៅក្នុងយុទ្ធនាការចាក់ជូនពលរដ្ឋទូទៅតាមទីប្រជុំជន និងកម្មកររោងចក្រនានា ដែលកំពុងដំណើរចាក់បានចំនួន១១ថ្ងៃនេះ គឺយើងចាក់បានចំនួនជាង៤២ម៉ឺននាក់ ។
បើតាម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា បច្ចុប្បន្ន រដ្ឋបាលខេត្តកណ្តាល មានផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនពលរដ្ឋដែលត្រូវចាក់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ គឺមានចំនួនប្រមាណជាង៩០ម៉ឺននាក់៕
អត្ថបទ ៖ ស៊ុម សុខជា