ជំងឺគ្រុនឈាមដែលឆ្លងតាមរយៈមូសខ្លាបានឆក់យកជីវិតមនុស្សជាង ១.៧០០នាក់ និងចម្លងដល់មនុស្សជាង ៣០ម៉ឺននាក់ មកទល់ពេលនេះនៅទូទាំងប្រទេសបង់ក្លាដែស។
យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ក្នុងចំណោមតួលេខសរុបនេះ មនុស្សចំនួន ១៦៨នាក់ ជាកុមារអាយុចន្លោះពី ០ឆ្នាំ (មិនទាន់គ្រប់មួយឆ្នាំ) ទៅ ១៥ឆ្នាំ។

យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានសេវាសុខភាព (DGHS) បានឲ្យដឹងថា អត្រាពិតប្រាកដនៃជំងឺគ្រុនឈាមបានឈានដល់ស្ថានភាពគួរឱ្យព្រួយបារម្ភនៅឆ្នាំនេះ ដោយមានជំងឺចំនួនសរុប ៣២០.៩៤៥ករណី និងមានអ្នកស្លាប់ចំនួន ១.៧០១នាក់ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ។
ទិន្នន័យបានបង្ហាញថាការស្លាប់ដោយសារជំងឺគ្រុនឈាមឆ្នាំនេះរួមបញ្ចូលតួលេខ ៧៩ករណីនៅក្នុងខែធ្នូ ហើយចំនួន ២៧៤ករណីនៅក្នុងខែវិច្ឆិកា និង៣៥៩ករណីនៅក្នុងខែតុលា។

ប្រទេសបង់ក្លាដែស បានជួបប្រទះនឹងការរីករាលដាលនៃជំងឺគ្រុនឈាមខ្ពស់បំផុតនៅក្នុងខែកញ្ញា ដោយមានការឆ្លងថ្មីចំនួន ៧៩.៥៩៨ករណី និងការស្លាប់ចំនួន ៣៩៦ករណីត្រូវបានរាយការណ៍។ មេរោគឆ្លងមួយនេះគឺចម្លងទៅមនុស្សនៅពេលត្រូវបានមូសខ្លាដែលមានមេរោគខាំ ប៉ុន្តែមិនមានការព្យាបាលសម្រាប់ការឆ្លងនោះទេ៕