អ៊ីស្រាអែល បានព្រមានប្រទេសលីបង់ថា ពេលវេលាសម្រាប់«ដំណោះស្រាយការទូត»ជុំវិញការវាយប្រហារម្តងហើយម្តងទៀតពីក្រុមហេសបូឡា (Hezbollah) នៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់ខ្លួន «ជិតអស់ហើយ»។

លោក Benny Gantz ដែលជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងពេញចិត្តក្នុងការឡើងកាន់តំណែងពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានថ្លែងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងធ្វើអន្តរាគមន៍ ក្នុងពេលឆាប់ៗនេះ ប្រសិនបើអាជ្ញាធរលីបង់ មិនធ្វើសកម្មភាព ដើម្បីបញ្ឈប់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ពីការបាញ់ឆ្លងកាត់ព្រំដែនទេ។

ការព្រមាន បានកើតឡើង នៅពេលដែលភាគខាងជើងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ បានឃើញការបាញ់រ៉ុក្កែតដ៏អាក្រក់បំផុតពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីការប្រយុទ្ធគ្នាឆ្លងព្រំដែនបានផ្ទុះឡើងនៅទីនោះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។
លោក Gantz បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃពុធថា៖«ស្ថានភាពនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ទាមទារឲ្យមានការផ្លាស់ប្តូរ»។
«ពេលវេលាសម្រាប់ដំណោះស្រាយការទូត គឺជិតអស់ហើយ ប្រសិនបើពិភពលោក និងរដ្ឋាភិបាលលីបង់មិនធ្វើសកម្មភាព ដើម្បីការពារការបាញ់ប្រហារលើអ្នកស្រុកភាគខាងជើងរបស់អ៊ីស្រាអែល និងធ្វើយ៉ាងណាឲ្យក្រុមហេសបូឡានៅឲ្យពីព្រំដែននោះទេ កងកម្លាំងការពារអ៊ីស្រាអែល នឹងចាត់វិធានការ»។