ថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្ធខួបលើកទី២៥ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ការអនុវត្តប្រកបដោយភាពជោគជ័យនយោបាយឈ្នះ ឈ្នះ តាមរយៈទិវាដ៏វិសេសវិសាលនេះដែរ ក្រុមវិនិយោគិន ម្ចាស់អាជីវកម្ម សហគ្រាសទាំងជាតិ និងអន្តរជាតិ បានថ្លែង អំណរគុណការអនុវត្តនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម និងការបង្កើតឱកាសវិនិយោគទុនដ៏ល្អប្រសើរ រហូតមកដល់បច្ចុប្បន្ន។
បណ្តាម្ចាស់អាជីវកម្មមកពីវិទ្យាស្ថានម្ហូបអាហារ សណ្ឋាគារ Long Live ម្ចាស់អាជីវកម្មនានាទៀត បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ ខែធ្នូនេះថា ការអនុវត្តប្រកបដោយភាពជោគជ័យនយោបាយឈ្នះ ឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិល និងការមានសុខសន្តិភាព ស្ថេរភាពនយោបាយ រយៈពេល២៥ឆ្នាំមកនេះ គឺបានទាក់ទាញអ្នកវិនិយោគទុនជាតិអន្តរជាតិ និងទេសចរអន្តរជាតិជាច្រើនមកកម្ពុជា បានផ្តល់នូវអត្តប្រយោជន៍ ការអភិវឌ្ឍន៍ កំណើនពាណិជ្ជកម្ម បង្កើនការងារ មុខរបរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ប្រារព្ធខួបលើកទី២៥ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ការអនុវត្តប្រកបដោយភាពជោគជ័យនយោបាយឈ្នះ ឈ្នះ បានរៀបចំឡើងស្របពេលនឹងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រមួយសាងសង់ឡើងដើម្បីរំលឹក ដល់វីរភាព និងគុណតម្លៃ នៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនឹក និងជាមគ្គុទេ្ទសក៍ឯក សន្តិភាព របស់កម្ពុជា និងជាបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ បណ្តុះស្មារតីស្នេហាជាតិមាតុភូមិ និងបន្តថែរក្សាស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា




