ប្រទេសអូស្ត្រាលី កំពុងត្រៀមទប់ទល់រលកកម្តៅដ៏ខ្លាំង នៅទូទាំងភាគខាងជើង និងខាងលិច របស់ប្រទេស ក្នុងអំឡុងថ្ងៃវិស្សមកាលឆ្នាំថ្មី នៅចុងសប្តាហ៍នេះ ដោយការព្យាករណ៍សីតុណ្ហភាពថា នឹងឡើងកម្តៅដល់លើសពី ៤៥ អង្សាសេ ខណៈព្យុះផ្គររន្ទះខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាននៅភាគខាងកើតប្រទេស។

រលកកម្តៅ កើតមានឡើងបន្ទាប់ពីប្រព័ន្ធអាកាសធាតុមិនអំណោយផលខ្លាំង ដែលបានវាយលុកនៅភាគខាងកើតប្រទេសក្នុងថ្ងៃបុណ្យណូអែល បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សរាប់ម៉ឺននាក់ និងបន្ទាប់ពីព្យុះស៊ីក្លូន Jasper កាលពីដើមខែនេះ បណ្តាលឱ្យមានទឹកជំនន់ និងការបំផ្លាញរាលដាល។

រដូវក្តៅ ពីខែធ្នូ ដល់ខែកុម្ភៈ នៅប្រទេសអូស្ត្រាលី ស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Nino) ដែលជាធម្មតា នាំមកនូវសីតុណ្ហភាពពេលថ្ងៃ លើសពីកម្រិតមធ្យម ហើយអាចបណ្តាលឱ្យមានអាកាសធាតុមិនអំណោយផលខ្លាំង មានចាប់ពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូនត្រូពិក និងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ។
ការិយាល័យឧតុនិយម បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា ស្ថានភាពរលកកម្តៅខ្លាំង ត្រូវបានព្យាករណ៍សម្រាប់តំបន់ធំៗនៅរដ្ឋភាគខាងលិចប្រទេសអូស្ត្រាលី ដោយមានសីតុណ្ហភាពនៅក្នុងទីក្រុង Marble Bar ជាទីក្រុងចាស់រុករករ៉ែ ដាច់ស្រយាលមួយនៅភាគពាយព្យ ត្រូវគេរំពឹងថានឹងឡើងដល់ ៤៩ អង្សាសេ នៅថ្ងៃសៅរ៍។
នៅទីក្រុងដាច់ស្រយាលនានា នៅរដ្ឋ Queensland មានទីក្រុង Longreach និង Julia Creek នៅភាគឦសាន ត្រូវបានកំណត់ថា មានសីតុណ្ហភាពឡើងដល់៤៧ អង្សាសេនៅចុងសប្តាហ៍នេះ ខណៈសីតុណ្ហភាពនៅពេលយប់ នៅក្នុងផ្នែកជាច្រើននៃដែនដីភាគខាងជើង អាចស្ថិតក្នុងកម្រិតទាប ៣០អង្សាសេ រយៈពេលជាច្រើនថ្ងៃ។
រលកកម្តៅខ្លាំង បានជំរុញឱ្យអាជ្ញាធរ បង្កើនហានិភ័យចំហេះព្រៃ ដោយតំបន់មួយចំនួនស្ថិតក្រោមបម្រាមអគ្គិភ័យទាំងស្រុង។ ប៉ុន្តែនៅភាគខាងកើត ព្យុះផ្គររន្ទះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃសុក្រនេះ ឆ្លងកាត់ភាគខាងកើតរដ្ឋ Queensland និងភាគឦសានរដ្ឋ New South Wales ដោយបន្តចូលរហូតដល់ឆ្នាំថ្មី។