ប្រមុខការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូ ថា ប្រទេសមួយចំនួននៅលោកខាងលិច កំពុងលើកឡើងថា ក្រុងមូស្គូ គួរតែពិភាក្សាពីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ព្រោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបរាជ័យក្នុងការយកឈ្នះកងកម្លាំងរុស្ស៊ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ជិតរយៈពេល២ឆ្នា នៃសង្រ្គាមពេញបន្ទុករបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ទីក្រុងមូស្គូ បានគ្រប់គ្រងដែនដីប្រហែល១៧,៥%នៃទឹកដីរបស់អ៊ុយក្រែន ហើយការវាយបករបស់អ៊ុយក្រែន ទៅលើកងកម្លាំងរុស្ស៊ី នៅឆ្នាំនេះ មិនអាចយកឈ្នះ ឈានទៅរកការដណ្ដើមដែនដីសំខាន់ៗមកវិញពីកងកម្លាំងរុស្ស៊ីដែលបានការពារនៅសមរភូមិមុខដោយហ៊ុព័ទ្ធដោយគ្រាប់មីន និងការវាយប្រហារដោយយានដ្រូន។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរដ្ឋ RIA និងទូរទស្សន៍ Rossiya 24 លោក Lavrov បាននិយាយថា មានសញ្ញាច្រើនដែលថា ប្រទេសលោកខាងលិចមួយចំនួន កំពុងកែប្រែតាកទិក និង យុទ្ធសាស្ត្ររបស់ខ្លួនលើសង្រ្គាមអ៊ុយក្រែន ។

លោកប្រធានាធិបតី Vladimir Putin បាននិយាយដដែលៗថា លោក ត្រៀមខ្លួនជានិច្ចក្នុងការចរចាសន្តិភាពក្នុងសង្រ្គាមអ៊ុយក្រែន ប៉ុន្តែឈរលើលក្ខខណ្ឌរបស់រុស្ស៊ី។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេគិតថា លោក Putin កំពុងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤មកដល់ មុនពេលធ្វើសកម្មភាពធំដុំណាមួយឆ្ពោះទៅរកសន្តិភាព៕