
រោងចក្រកាត់ដេរជាច្រើននៅក្នុងប្រទេសបង់ក្លាដែស បានបណ្តេញកម្មកររាប់ពាន់នាក់ពីការងារចាប់តាំងពីការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលក្នុងខែតុលា មកនេះបើយោងតាមសហជីពកម្មករចំនួនបីតំណាងឱ្យកម្មករកន្លះលាននាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងសប្តាហ៍នេះ ខណៈដែលមនុស្សជាច្រើនផ្សេងទៀតកំពុងរត់ការភ័យខ្លាចការចាប់ខ្លួន។
ការប៉ះទង្គិចគ្នាក្នុងអំឡុងការតវ៉ា ដែលបានកើតឡើងស្របពេលនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាន់តែទូលំទូលាយដោយបក្សប្រឆាំងនៅមុនការបោះឆ្នោតសកលថ្ងៃទី០៧ ខែមករា បានសម្លាប់កម្មករ ៤នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ដោយនគរបាលបានដាក់សំណុំរឿងប្រឆាំងនឹងជនមិនស្គាល់អត្តសញ្ញាណរាប់រយនាក់ពីបទបំផ្លិចបំផ្លាញ។
សហជីពទាំងបីរួមមាន សហព័ន្ធកាត់ដេរ និងឧស្សាហកម្មបង់ក្លាដែស, សហព័ន្ធកម្មករកាត់ដេរជាតិ, ព្រមទាំងក្រុមប្រឹក្សាសហជីពកម្មករកាត់ដេរបង់ក្លាដែស បានប៉ាន់ប្រមាណថា កម្មករពីចំនួន ១.០០០នាក់ទៅ ៥.០០០នាក់ ត្រូវបានបណ្តេញចេញពីការងារក្នុងរយៈពេលពីរខែចុងក្រោយនេះ ឬបានរត់ទៅលាក់ខ្លួន។
ប៉ុន្តែលោក ហ្វារុកេ ហាសសាន (Faruque Hassan) ប្រធានសមាគមរោងចក្រកាត់ដេរបង់ក្លាដែស និងអ្នកនាំចេញបាននិយាយថា លោកមិនបានដឹងពីការបណ្ដេញចេញពីការងារណាមួយឡើយ ដោយបន្ថែមថា ស្ថាប័នឧស្សាហកម្មនឹងចាត់វិធានការប្រសិនបើបានដឹងថាមាន «ឧប្បត្តិហេតុបែបនេះ»៕