សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារបន្ត បានណែនាំឱ្យបន្តសាងសង់វិមានឈ្នះឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមតំបន់សំខាន់ៗបន្ថែមទៀត និងអំពាវនាវដល់បណ្ដាសប្បុរសជននានាបន្តចូលរួមគាំទ្រដល់សកម្មភាព កសាងវិមានឈ្នះ ឈ្នះនេះបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀតរួមទាំងប្រជាពលរដ្ឋផងដែរ។
សម្តេចធិបតី បានណែនាំឱ្យបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះឱ្យបានទូលំទូលាយទៅដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាពិសេសបន្តរកថវិកាកសាងសំណង់ពាក់ព័ន្ធវិមាននយោបាយឈ្នះ-ឈ្នះ និងសំណង់ផ្សេងៗទៀត។
សូមជម្រាបថា វិមានឈ្នះ ឈ្នះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ ម៉ែត្រ ទទឹង ៣៦ ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងជាសមិទ្ធផលស្ថាបត្យកម្មរបស់កូនខ្មែរពិតប្រាកដ ហើយត្រូវបានសាងសង់ឡើងដោយដកស្រង់ចេញពីអត្ថន័យនៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ វិមានដែលជាស្នាដៃស្ថាបត្យកម្មសម័យទំនើប និងជាតឹកតាងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន ទី១ កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ)។ ទី២ តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ធ្វើឱ្យឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់ តាំងនយោបាយ និងយោធាខ្មែរក្រហម និង សារៈសំខាន់ ទី៣. តួវិមានមាន ជ្រុងប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ៕ អត្ថបទ៖វ៉ន ដារ៉ា