
ក្រុមហ៊ុនអេឡិចត្រូនិកលំដាប់យក្សរបស់ចិន Xiaomi បានបង្ហាញគំរូរថយន្តអគ្គិសនីដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) ដោយម្ចាស់របស់ក្រុមហ៊ុននេះ បានប្រកាសពីមហិច្ឆិតា ក្នុងការក្លាយជាមហាអំណាចរោងចក្រផលិតរថយន្តសកល ទោះបីជាមានការប្រកួតប្រជែងខ្លាំង នៅក្នុងស្រុកក៏ដោយ។
ក្រុមហ៊ុន Xiaomi ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទី៤ របស់ពិភពលោក ក៏ជាក្រុមហ៊ុនឈានមុខគេផងដែរក្នុងការផលិតថេបប្លេត (Tablet) នាឡិការវៃឆ្លាត កាសស្ដាប់ត្រចៀក និងស្កូតទ័រអគ្គិសនី (កង់រុញជិះជើងម្ខាងប្រើអគ្គិសនី)។
កាលពីឆ្នាំ២០២១ ក្រុមហ៊ុននេះបានប្រកាសនូវគោលបំណងរបស់ខ្លួន ក្នុងការបណ្ដាក់ទុនផលិតរថយន្តអគ្គិសនី ដោយចូលរួមក្នុងនិន្នាការ ដែលបានឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិន បានងាកទៅរកវិស័យប្រកួតប្រជែងខ្ពស់មួយនេះ។
លោក Lei Jun ដែលជាថៅកែក្រុមហ៊ុន Xiaomi បានឡើងវេទិកា នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញរថយន្តម៉ូដែល SU7 ជាប្រភេទរថយន្តសេដង់ ដែលគ្រោងនឹងចូលក្នុងទីផ្សារនៅឆ្នាំ២០២៥។ ម៉ូដែលនេះត្រូវបានរួមបញ្ចូលជាមួយកម្មវិធី Xiaomi ដើម្បីបើកដំណើរការមុខងារនៃឧបករណ៍នានារបស់ក្រុមហ៊ុន ហើយនឹងត្រូវបានផលិតដោយក្រុមហ៊ុនផលិតក្នុងស្រុក BAIC ។
លោក Lei បាននិយាយថា៖ «គោលដៅ គឺដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទាំង៥ របស់ពិភពលោក តាមរយៈការប្រឹងប្រែងយ៉ាងខ្លាំងក្លាពី ១៥ឆ្នាំ ទៅ ២០ឆ្នាំ»។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ក្រុមហ៊ុន Xiaomi សម្រេចបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈយុទ្ធសាស្រ្តទីផ្សារឧបករណ៍ទំនើបរបស់ខ្លួន ក្នុងតម្លៃសមរម្យ ដែលដំបូងឡើយ ត្រូវបានលក់ដោយផ្ទាល់តាមរយៈបណ្តាញអនឡាញ។ ក្រុមហ៊ុននេះត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ដោយសារតែមានការចោទប្រកាន់ថា មានទំនាក់ទំនងនឹងយោធាចិន៕