
សហជីពកម្មករដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអាហ្សង់ទីន បានអំពាវនាវឲ្យមានកូដកម្មថ្នាក់ជាតិ នៅខែក្រោយ ខណៈដែលការប្រឆាំងទៅនឹងការរុះរើសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កំពុងកើនឡើង។
សហព័ន្ធសហជីពការងារទូទៅ (CGT) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) បានប្រកាសថា ខ្លួនគ្រោងនឹងធ្វើកូដកម្មទូទៅ នៅថ្ងៃទី២៤ ខែមករា ដើម្បីប្រឆាំងនឹងវិធានការជាបន្តបន្ទាប់ ដែលដាក់ចេញដោយប្រធានាធិបតីអ្នកសេរីនិយម លោក Javier Milei។
រដ្ឋាភិបាលរបស់លោក Milei បានបញ្ជូនសេចក្ដីស្នើច្បាប់កំណែទម្រង់មួយទៅសភា កាលពីថ្ងៃពុធ (ទី២៧ ខែធ្នូ) ដោយស្នើឲ្យមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយ នៅក្នុងការប៉ុនប៉ងមួយ ដើម្បីជួយធ្វើឲ្យប្រសើរឡើង ចំពោះសេដ្ឋកិច្ច ដែលកំពុងតែមានវិបត្ត។ សេចក្ដីស្នើនោះ រួមបញ្ចូលការផ្លាស់ប្តូរស្តង់ដារការងារ ហើយនឹងត្រួសត្រាយផ្លូវ ដើម្បីឲ្យមានការធ្វើឯកជនភាវូបនីយកម្ម ចំពោះក្រុមហ៊ុនរដ្ឋ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន CGT ដែលប្រមូលផ្តុំសហជីពដ៏មានឥទ្ធិពលជាច្រើន ក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បានបង្ហាញ «ផែនតស៊ូប្រឆាំង» របស់ខ្លួន។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា បណ្ដាសមាជិកសហជីពនឹងស្នើសុំឲ្យមានកិច្ចប្រជុំជាមួយសមាជិកសភា ដែលគ្រោងនឹងពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំវិសាមញ្ញ ដែលគ្រោងធ្វើរហូតដល់ថ្ងៃទី៣១ ខែមករា ដើម្បីស្នើវិសោធនកម្ម។
បាតុកម្មជាច្រើនប្រឆាំងនឹងរបៀបវារៈរបស់លោក Milei បានកើតឡើងចាប់តាំងពីលោកចូលកាន់តំណែងនាថ្ងៃទី១០ ខែធ្នូ បើទោះបីជាចំនួន នៅប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្លាក់ចុះក្រោមការរំពឹងទុកក៏ដោយ៕