
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ បានភៀសខ្លួនចេញពីទីក្រុងហុងកុង ដើម្បីស្វែងរកសិទ្ធិជ្រកកោន នៅចក្រភពអង់គ្លេស ដោយបំពានបទបញ្ជាត្រួតពិនិត្យ។
លោក តូនី ចុង (Tony Chung) មានវ័យ ២២ឆ្នាំ បានប្រាប់សារព័ត៌មាន BBCថា ខ្លួនកំពុងស្ថិត នៅក្រោមការត្រួតពិនិត្យជាប្រចាំ នៅក្នុងទីក្រុងហុងកុងដែលនគរបាល បានដាក់ខ្លួនឲ្យស្ថិតនៅក្រោម«សម្ពាធដ៏តឹងតែងបំផុត»។
លោកក៏បានអះអាងដែរថា លោកមានអារម្មណ៍ថា ត្រូវបាននគរបាលបង្ខំឲ្យក្លាយជាអ្នកស៊ើបការណ៍ដែលមានប្រាក់ខែ ដោយផ្តល់ព័ត៌មានអំពីសកម្មជនដូចគ្នា។
លោកចុង ត្រូវបានកាត់ទោសពីបទអំពាវនាវឲ្យមានការបំបែកខ្លួនរបស់ហុងកុង ក្រោមច្បាប់សន្តិសុខដ៏តឹងរ៉ឹង។ លោកបានបញ្ចប់ការជាប់ទោសរបស់ខ្លួន នៅខែមិថុនា។
ប៉ុន្តែនៅពេលខ្លួនត្រូវបានដោះលែង លោកចុង បាននិយាយថា ខ្លួនត្រូវបានបង្ខំឲ្យធ្លាក់ទៅក្នុងស្ថានភាពមួយ ដែលកាន់តែធំឡើង និងគ្រោះថ្នាក់ជាងពន្ធនាគារដែលខ្លួនបានចាកចេញទៅទៀត។
លោក កំពុងស្ថិតក្រោមការត្រួតពិនិត្យរយៈពេលមួយឆ្នាំ ដែលតម្រូវឲ្យខ្លួនស្នើសុំការអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេស។ អាជ្ញាធរ បានអនុញ្ញាតឲ្យលោកទៅប្រទេសជប៉ុន នៅថ្ងៃទី ២០ ខែធ្នូសម្រាប់ថ្ងៃឈប់សម្រាករយៈពេល ៦ថ្ងៃ។