
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នេះ បាននិយាយថា លោកកំពុងតែងតាំងលោក Carlos Cuerpo ដែលរហូតមកដល់ពេលនេះ ជាប្រធាននាយកដ្ឋានរតនាគារ ឲ្យកាន់តំណែងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី។
លោក Sanchez បានបញ្ចប់ពាក្យចចាមអារ៉ាមជាច្រើនសប្តាហ៍ ដោយការប្រកាសថា លោក Cuerpo នឹងជំនួសតំណែងលោក Nadia Calvino ដែលត្រៀមទៅធ្វើតួនាទីជាប្រធានធនាគារវិនិយោគអឺរ៉ុប។ លោក Cuerpo នឹងត្រូវស្បថចូលកាន់តំណែងក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ Felipe នៅយប់ថ្ងៃសុក្រនេះ។
ដោយកើតនៅឆ្នាំ១៩៨០ លោក Cuerpo គឺជាមន្ត្រីរាជការជាន់ខ្ពស់អេស្ប៉ាញ តាំងពីឆ្នាំ២០០៨។ លោក បានដើរតួយ៉ាងសំខាន់ ក្នុងការពិភាក្សាអំពីកញ្ចប់ថវិកាថ្មីរបស់សហភាពអឺរ៉ុប ក្នុងឋានៈជាអ្នកចរចា តំណាងឲ្យប្រធានប្ដូរវេនអេស្ប៉ាញនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប៕