
ភ្នំពេញ ៖ ជនសង្ស័យជាអ្នកបើករថយន្ត Hummer បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ម្តាយម្នាក់ និងកូនតូចម្នាក់ និងបុរសជាប្តីរងរបួសធ្ងន់ នៅខណ្ឌដូនពេញ បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះមុខសមត្ថកិច្ច នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ។
ជនបើករថយន្ដបង្កខាងលើមានឈ្មោះ យ៉េត ច័ន្ទគ្រិះ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ41 ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខ ណ្ឌសែនសុខមុខរបរនៅផ្ទះ ។
បច្ចុប្បន្នជនរូបនេះ ក្រោយការសាកសួរនាំរួចមក កំពុងត្រូវបានឃុំខ្លួននៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ទល់មុខផ្ទះលេខ 53E ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ៖ នៅមុនកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ដែលជាប្តីប្រពន្ធ និងកូន បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ឌុបគ្នាចេញពីហូបស៊ុប បំណងត្រឡប់ទៅផ្ទះ ។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត hammer ពណ៌ខ្មៅខាងលើ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងល្បឿនលឿន និងក្នុងទិសដៅស្របគ្នា បានបុកពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូ និងមនុស្សខ្ទាតផ្លោងទៅផ្ទប់នឹងដើមឈើ ស្លាប់ស្ត្រីជាម្តាយ និងកូនប្រុសស្លាប់នៅហ្នឹងកន្លែង ចំណែកឯបុរសជាប្តី ត្រូវរងរបួសធ្ងន់ធ្ងរបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ក្រោយកើតហេតុ ភ្លាមៗនោះ រថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ ក៏បានចេញបទបញ្ជារ ណែនាំដល់នគរបាលដែលកំពុងបំពេញតួនាទីក្នុងការអនុវត្តច្បាប់ចរាចរណ៍ គឺធ្វើយ៉ាងណាត្រូវអនុវត្តឱ្យតឹងរឹង លើជនបើកបរបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ដោយត្រូវចាប់ខ្លួនតែម្តងមិនចាំបាច់សុំគោលការណ៍ពីថ្នាក់លើ ហើយបើមានការតវ៉ា គឺដាក់ខ្នោះតែម្តងទៅ នេះបើក្នុងបទល្មើសជាក់ស្តែង ហើយបងប្អូននគរបាលអនុវត្តត្រឹមត្រូវតាមច្បាប់ ។ សម្តេចបន្ថែមថា បើនគរបាលអនុវត្តត្រឹមតាមច្បាប់ គឺពុំចាំបាច់ខ្លាចអ្វីឡើយ ព្រោះខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្ត្រី ៕ លីហេង





