
ក្រុមមន្ត្រីបានឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ១២នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលលើប្រទេសអ៊ុយក្រែន ក្នុងទ្រង់ទ្រាយធំនៃសង្គ្រាម ដែលមានមកទល់ពេលនេះ ហើយការវាយប្រហារក៏ចំអគារលំនៅឋាន ក្នុងទីក្រុងគីវ និងផ្នែកផ្សេងទៀតនៃភាគខាងត្បូង និងខាងលិចនៃប្រទេសផងដែរ។
រដ្ឋបាលយោធារបស់ទីក្រុង បាននិយាយថា មនុស្សចំនួន ១០នាក់ នៅក្នុងទីក្រុងគីវ ត្រូវបានជាប់នៅក្រោមគំនរបាក់បែក នៅឯឃ្លាំងមួយ ដែលរងការខូចខាតដោយបំណែកមីស៊ីលដែលធ្លាក់ចំ។ អភិបាលក្រុងបាននិយាយថា បន្ទប់សម្ភពមួយត្រូវបានខូចខាតនៅក្នុងទីក្រុង Dnipro ប៉ុន្តែមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។
អមដោយការអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ បង្កើនការគាំទ្ររបស់ពួកគេនោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់ថា៖ «ថ្ងៃនេះ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ បានភ្ញាក់ក្រញាងជាមួយនឹងសំឡេងផ្ទុះដ៏ខ្លាំង។ ខ្ញុំសូមឲ្យសំឡេងនៃការផ្ទុះនៅអ៊ុយក្រែននោះ អាចឮដល់មនុស្ស នៅជុំវិញពិភពលោក»។
ការវាយលុកតាមអាកាសនៅចុងឆ្នាំដ៏ធំនេះ បានកើតឡើង នៅពេលដែលភាពមិនប្រាកដប្រជា កំពុងវិលវល់ ជុំវិញវិសាលភាព និងភាពស្ថិតស្ថេរនៃអនាគតនៃយោធាលោកខាងលិច និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ទីក្រុងគីវ ក្នុងរយៈជិត ២ឆ្នាំ ក្នុងសង្រ្គាមជាមួយរុស្ស៊ីនេះ៕