
ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នេះ បានដាក់ការស្នើសុំជាផ្លូវការដល់ប្រទេសប៉ាគីស្ថាន ដើម្បីធ្វើបត្យាប័នលោក Hafiz Saeed ដែលត្រូវបានសង្ស័យពីបទមានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារ កាលពីឆ្នាំ២០០៨ លើទីក្រុង Mumbai ដើម្បីយកមកកាត់ទោសនៅប្រទេសឥណ្ឌា។
មេដឹកនាំឥស្លាមរូបនេះ ត្រូវបានតុលាការប៉ាគីស្ថានកាត់ទោសឲ្យជាប់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម។ ស្ថាបនិកនៃក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba បានជាប់ពន្ធនាគាររួចហើយ ដោយត្រូវបានរកឃើញថា មានទោស ក្នុងបទចោទប្រកាន់ស្រដៀងគ្នាជាច្រើនករណី កាលពីឆ្នាំ២០២០។
លោក Saeed ត្រូវបានចាប់ខ្លួន និងដោះលែងជាច្រើនដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ។ លោកបានបដិសេធពីការមិនមានជាប់ពាក់ព័ន្ធណាមួយជាមួយក្រុមសកម្មប្រយុទ្ធ ក្នុងនោះរួមទាំងការវាយប្រហារនៅទីក្រុង Mumbai ឆ្នាំ២០០៨ ដែលខ្មាន់កាំភ្លើងចូលទីក្រុង Mumbai តាមទូកពីប៉ាគីស្ថាន បានសម្លាប់មនុស្ស ១៦០នាក់ ដែលរួមមានទាំងជនជាតិអាមេរិកផងដែរ។
សហរដ្ឋអាមេរិកបានផ្តល់រង្វាន់ចំនួន ១០លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មាន ដែលនាំទៅដល់ការផ្តន្ទាទោសលើរូបលោក Saeed។ ឥណ្ឌាបានទាមទារម្តងហើយម្តងទៀតឲ្យបញ្ជូនលោក Saeed ដើម្បីធ្វើការកាត់ទោស សម្រាប់ការសង្ស័យពីការមានចំណែករបស់លោក នៅក្នុងការវាយប្រហារលើទីក្រុង Mumbai ប៉ុន្តែប៉ាគីស្ថានបានបដិសេធមិនធ្វើតាមការស្នើឡើយ៕