បាត់ដំបង : ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែងជិត ៩ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានស្ថាបនារួច រាល់ បច្ចុប្បន្នផ្លូវនេះបានតភ្ជាប់ទៅនិងបណ្តាញផ្លូវផ្សេងៗ ដោយបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ ជាពិសេស ការដឹកជញ្ជូនកសិផល ខណៈសំឡូតគឺជាស្រុកមួយសំបូរការដាំដុះដំណាំកសិកម្ម។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ-ប្រគល់ទទួល បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ, ប្រវែង ៨ ៧០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, សាងសង់លូមូលមុខពីរ ៣ កន្លែង, លូមូលមុខមួយ ៥ កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិអូរច្រាល និងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ ដំបង, ក្នុងនោះឯកឧត្តម ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ ស្ថាបនាផ្លូវនេះបានល្អប្រសើរ ជាពិសេសការដាក់លូបង្ហូរទឹក ព្រោះបណ្តាញលូបង្ហូរទឹកនេះមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសការជោជាន់លិចនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ទាក់ទងគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា បានឯកភាព ប្រគល់-ទទួលទាំងស្រុង ដែលបានអនុវត្តទៅតាម ផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងស្រុកសំឡូតនេះជាដើម ព្រោះស្រុកសំឡូត គឺជាស្រុកមួយដែលមានប្រជាពរដ្ឋដាំដុះកសិកម្មយ៉ាងច្រើន ដែលត្រូវការដឹកជញ្ជូនទាំងសម្ភារៈផ្គត់ផ្គង់ និងការដឹកសិផលចេញទៅ កាន់ទីផ្សារផ្សេងៗ ក្រៅពីនេះក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្សទៅរៀនសូត្រ និងការដឹកអ្នក ជម្ងឺទៅកាន់មណ្ឌលសុខភាពជាដើម។
សូមបញ្ជាក់ថា ទាក់ទងការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ ខ្សែ នៅក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងនេះ បានអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយប្រើប្រាស់ ថវិកាជំពូក ២១។ ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះ នៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការគាំទ្រដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រមទាំង ការស្តារស្រះ ជីកស្រះ អណ្តូងទឹក ដើម្បទប់ទល់និងភាពរាំស្ងួត និងទឹកជំនន់ជាដើម៕
អត្ថបទ៖ សុន រ៉ាឌី








