ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួន បានស្វែងរកទីជម្រក ខណៈរថក្រោះរបស់អ៊ីស្រាអែល បានរុលចូលឆ្លងកាត់តំបន់ហ្កាហ្សាភាគកណ្តាល ដោយមានមនុស្សជាង ១៨០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង ក្នុងការវាយប្រហារតាមអាកាស និងការបាញ់រាំងកាំភ្លើងធំ ទៅលើតំបន់ហ៊ុមព័ទ្ធហ្កាហ្សាដែលត្រូវបានបំផ្លាញ។

ពលរដ្ឋនិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារភាគខាងត្បូងតំបន់ហ្កាហ្សា បានធ្វើឱ្យលំនៅឋានរាបដល់ដី និងកប់ក្រុមគ្រួសារជាច្រើន ខណៈពួកគេដេកលក់។

ការវាយលុកនៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សា បានជំរុញឱ្យប្រជាជនជម្លៀសខ្លួនជាថ្មី ចេញពីតំបន់ផ្សេងទៀត ជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានចាត់ទុកថាជាដំណាក់កាលសំខាន់នៃបេសកកម្មរបស់អ៊ីស្រាអែល ដើម្បីកម្ទេចសត្រូវក្រុមហាម៉ាស។
ប្រជាជនស្ទើរតែទាំងអស់ចំនួន ២,៣ លាននាក់នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេយ៉ាងហោចណាស់ម្តង ហើយមនុស្សជាច្រើន ពេលនេះកំពុងភៀសខ្លួនម្តងទៀត ដែលបានមកជ្រកកោននៅក្នុងតង់បណ្តោះអាសន្ន ឬជ្រកក្រោមក្រណាត់ប្លាស្ទិក នៅលើដីវាល ។