រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានសម្រេចរក្សាទុកអតីតប្រធានាធិបតី លោក Donald Trump នៅលើសន្លឹកឆ្នោតបឋមតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ទោះបីជាមានសម្ពាធកាន់តែខ្លាំងសម្រាប់ការប្រកាសថាលោកពុំមានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីនៅក្នុងរដ្ឋនេះក៏ដោយ។

រដ្ឋមន្ត្រីការបរទេសប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា លោកស្រី Shirley Weber បានបោះពុម្ពបញ្ជីបេក្ខជន ដែលមានការបញ្ជាក់ សម្រាប់ការបោះឆ្នោតបឋមប្រធានាធិបតីនៅថ្ងៃទី ៥ ខែមីនា របស់រដ្ឋនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលរួមបញ្ចូលឈ្មោះរបស់លោក Trump ផងដែរ។

មន្ត្រីជាប់ឆ្នោតជាច្រើននាក់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា រួមទាំងអភិបាលរង លោក អេឡែនី គូណាឡាគីស(Eleni Kounalakis) បានអំពាវនាវឱ្យដកសិទ្ធិលោក Trump សម្រាប់តួនាទីដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ទៅលើវិមានកាពីតូល សហរដ្ឋអាមេរិក។
លោក Kounalakis បានផ្ញើលិខិតទៅលោកស្រី Shirley Weber កាលពីសប្តាហ៍មុនដោយជំរុញឱ្យលោកស្រី រិះរកគ្រប់ជម្រើសផ្លូវច្បាប់ ដើម្បីឱ្យលោក Trump ចាកចេញ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋ Maine បានដកសិទ្ធិលោក Trump ពីសន្លឹកឆ្នោតរដ្ឋនៅក្នុងការបោះឆ្នោតបឋមតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ ដោយក្លាយជារដ្ឋទីពីរដែលប៉ុនប៉ងរារាំងអតីតប្រធានាធិបតីរូបនេះ ដោយសារតែការវាយប្រហារលើវិមាន Capitol របស់សហរដ្ឋអាមេរិក។
រដ្ឋ Colorado គឺជារដ្ឋដំបូងគេដែលព្យាយាមហាមឃាត់លោក Trump ពីការបោះឆ្នោតឆ្នោត បន្ទាប់ពីតុលាការកំពូលរបស់រដ្ឋ បានសម្រេចកាលពីថ្ងៃទី ១៩ ខែធ្នូថា លោក Trump ពុំមានលក្ខណៈគ្រប់គ្រាន់សម្រាប់តំណែងប្រធានាធិបតីឡើយ។
កាលពីថ្ងៃពុធ តុលាការកំពូលរដ្ឋ Michigan បានច្រានចោលការប៉ុនប៉ងដកលោក Trump ចេញពីការបោះឆ្នោតបឋមរបស់រដ្ឋ សម្រាប់ការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំ ២០២១។ ក្រៅពីរដ្ឋ Michigan បញ្ហាប្រឈមស្រដៀងគ្នាប្រឆាំងលោក Trump ដែលបានដាក់បណ្តឹងក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ត្រូវបានច្រានចោលរួចហើយ។