ប្រទេសរុស្ស៊ី បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ សម្រាប់ការបាញ់មីស៊ីលទ្រង់ទ្រាយធំនិងការវាយប្រហារដោយយានដ្រូនទៅលើប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងគីវ និងអ្នកគាំទ្ររបស់ខ្លួន បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃស្ថាប័នដែលមានសមាជិក ១៥រូប ដើម្បីដោះស្រាយការវាយប្រហារនេះ។

ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្របានសម្លាប់ជនស៊ីវិល ៣១ នាក់ និងរងរបួសជាង ១៦០ នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយប្រទេសប៉ូឡូញបាននិយាយថា មីស៊ីលរបស់រុស្ស៊ីទំនងជា បានហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួន មុនពេលងាកទៅរកប្រទេសអ៊ុយក្រែន។

សមាជិកក្រុមប្រឹក្សាភាគច្រើន រួមទាំងសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស បានថ្កោលទោសការវាយប្រហារលើអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោក Barbara Woodward បានឆ្លើយតបថា សកម្មភាពរបស់រុស្ស៊ី គឺជាមូលហេតុតែមួយគត់នៃសោកនាដកម្មនៅអ៊ុយក្រែន។ តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក Geng Shuang ពុំបានថ្កោលទោសការវាយប្រហារនេះទេ ហើយបានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយនៅក្នុងការឆ្លើយតបដ៏វែងមួយថា រុស្ស៊ីបានបើកការវាយប្រហារតែលើហេដ្ឋារចនាសម្ព័ន្ធយោធាក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ទទួលខុសត្រូវចំពោះការស្លាប់និងរងរបួសជនស៊ីវិល។