ភ្នំពេញ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៤ នឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានផ្ញើសារជូនពរ និងបង្ហាញនូវក្តីប្រាថ្នាស្រដៀងៗគ្នាថា ចង់ឲ្យប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត។
អ្នកស្រី ទិត្យ ផល្លា អតីតគ្រូបង្រៀននៅសាលាទួលទំពូង ក្នុងបទសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងឱកាសពិធីឆ្លងឆ្នាំសកលខាងមុខនេះ អ្នកស្រីមិនមានគម្រោងដើរកម្សាន្តទៅទីណាទេ ដោយសារវ័យកាន់តែចាស់។ អ្នកស្រី បានផ្ញើសារជូនពរពីចម្ងាយជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ ការប្រកបរបររស៊ីរីកចម្រើនទៅមុខជាបន្តបន្ទាប់ និងឲ្យមានសុខភាពល្អ។
ស្រដៀងគ្នាខាងលើនេះ លោក ហែម សុគន្ធា ពលរដ្ឋរស់នៅភ្នំពេញ និងលោក តុលា មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ និងធ្វើការនៅក្រុងភ្នំពេញ បាននិយាយថា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលឆ្នាំថ្មីឆ្នាំ២០២៤ហើយ ឆ្លៀតក្នុងឱកាសនេះ លោកសូមជូនពរផងដែរ សូមឲ្យប្រជាជាតិខ្មែរទាំងមូលឲ្យទទួលបាននូវសុខសន្តិភាព និងសុភមង្គលក្នុងឆ្នាំថ្មីខាងមុខនេះ។
ក្រុមប្រជាពលរេដ្ឋទាំងអស់នេះ ក៏បានជូនពរជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃជួររាជរដ្ឋាភិបាលកម្ពុជាផងដែរ សូមឲ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលខ្លាំងក្លា និងបន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងប្រកបដោយវឌ្ឍនភាព សន្តិភាព និងស្ថិរភាពតរៀងទៅ៕









