នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក អាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបោះបង់ចោល កំពុងត្រូវបានធ្វើឲ្យមានសកម្មភាពឡើងវិញ ដោយទីនេះធ្លាប់ជាទីតាំងដ៏សំខាន់ ក្នុងការបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរទៅទម្លាក់លើប្រទេសជប៉ុន ហើយស្ទើរតែបាត់បង់ដោយសារប្រវត្តិសាស្រ្ត ចំពេលមានការទន្ទ្រានព្រៃ។

តែយ៉ាងណាក្ដី នៅពេលដែលជនជាតិអាមេរិកចូលទៅកាប់ព្រៃ ដែលដុះក្រាស់ឃ្មឹកយ៉ាងរហ័ស នៅឯអាកាសយានដ្ឋានកោះ Tinian និងព្រលានយន្តហោះចាស់ៗផ្សេងទៀត ពោលគឺជាមូលដ្ឋានសម័យសង្គ្រាមលោកលើកទី២ នៅទូទាំងតំបន់នោះ ការធ្វើនោះនឹងមិនបានគិតដល់ប្រទេសជប៉ុននៅក្នុងគំនិតរបស់ពួកគេនោះឡើយ។

ផ្ទុយទៅវិញ ដោយសារឥទ្ធិពល ដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទើបជំរុញឲ្យមានការស្ដារឡើងវិញនូវផ្លូវរត់ ដែលត្រូវបានបោះបង់ចោល នៅលើផ្ទៃដី ១០០គីឡូម៉ែត្រការ៉េ ដែលបង្កើតបានជាកោះ Tinian ដែលជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិកនៃប្រជុំកោះ Northern Mariana។
អ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន AFP ថា៖ «ការស្តារឡើងវិញនូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ នេះ បានផ្តល់ឲ្យកងកម្លាំងអាកាសប៉ាស៊ីហ្វិក (PACAF) នូវផ្លូវរត់ ដែលអាចប្រតិបត្តិបានយ៉ាងឆាប់រហ័ស ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់»។
ទោះបីជាសេចក្តីថ្លែងការណ៍ បានលើកឡើងពី «ហេតុផលនៃភាពបន្ទាន់» ដែលអនុញ្ញាតឲ្យ PACAF «ពង្រឹងសមត្ថភាពប្រយុទ្ធ និងធ្វើឲ្យប្រសើឡើងនូវជំហររារាំងជាមួយសម្ព័ន្ធមិត្ត និងដៃគូក៏ដោយ» ក៏សេចក្ដីថ្លេងការណ៍នោះមិនបាននិយាយសំដៅដោយផ្ទាល់ដល់ប្រទេសចិននោះឡើយ។
ប៉ុន្តែផែនការរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ្វី ដែលមន្ត្រីបានពិពណ៌នាថា ជាទីកន្លែង «ដ៏ធំទូលំទូលាយ» នៅលើកោះ Tinian នេះ កើតឡើងចំពេលមានការផ្លាស់ប្ដូរយ៉ាងខ្លាំងផ្នែកយោធាទៅកាន់តំបន់ប៉ាស៊ីហ្វិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនៅពេលដែលប្រទេសចិនសាងសង់មូលដ្ឋានថ្មីរបស់ខ្លួន នៅក្នុងតំបន់ ក្នុងនោះរួមទាំងនៅក្នុងដែនទឹក ដែលមានជម្លោះផងដែរ៕