ក្រុមហ៊ុន McDonald's Malaysia នៅប្រទេសម៉ាឡេស៊ី បានប្តឹងចលនាមួយ ដែលជំរុញឲ្យមានការធ្វើពហិការប្រឆាំងនឹងប្រទេសអ៊ីស្រាអែលពីបទចេញ «សេចក្តីថ្លែងការណ៍មិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះ» ដែលក្រុមហ៊ុននិយាយថា ប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុនអាហារសម្រន់មួយនេះ កំពុងស្វែងរកការសងជំងឺចិត្តចំនួន ៦លានរីងហ្គីត (១,៣លានដុល្លារអាមេរិក)។

ម៉ាឡេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមភាគច្រើន គឺជាអ្នកគាំទ្រឥតងាករេចំពោះប៉ាឡេស្ទីន ហើយសាខាលក់អាហារសម្រន់លោកខាងលិចមួយចំនួន នៅក្នុងប្រទេសនេះ ក៏ដូចជាក្នុងប្រទេសមូស្លីមមួយចំនួនផ្សេងទៀតដែរ ត្រូវបានកំណត់ជាគោលដៅ សម្រាប់ការធ្វើយុទ្ធនាការពហិការ ប្រឆាំងនឹងការវាយលុកដោយយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ភោជនីយដ្ឋាន Gerbang Alaf (GAR) ដែលទទួលបានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន McDonald's នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងប្តឹងចលនារបស់ម៉ាឡេស៊ី ដែលមានឈ្មោះថា Boycott, Divestment & Sanctions (BDS) (ការធ្វើពហិការ ការបោះបង់ចោល និងការដាក់ទណ្ឌកម្ម) ពាក់ព័ន្ធនឹងការបង្ហោះតាមបណ្ដាញសង្គមជាបន្តបន្ទាប់ ដែលត្រូវបានចោទប្រកាន់ថា បានភ្ជាប់ម៉ាកយីហោអាជីវកម្មអាហារសម្រន់នេះ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ទៅនឹង «សង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែល» ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
យោងតាមដីកាបង្គាប់កោះហៅចុះថ្ងៃទី១៩ ខែធ្នូ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ ភោជនីយដ្ឋាន Gerbang Alaf បានចោទប្រកាន់ថា BDS របស់ម៉ាឡេស៊ី បានញុះញង់សាធារណជនឲ្យធ្វើពហិការ ចំពោះក្រុមហ៊ុន McDonald's Malaysia ដែលនាំឲ្យខាតបង់ប្រាក់ចំណេញ និងការកាត់បន្ថយការងារ ក្នុងចំណោមការខូចខាតផ្សេងទៀត ដោយសារតែការបិទ និងកាត់បន្ថយម៉ោងធ្វើការ ក្នុងហាងរបស់ក្រុមហ៊ុន៕