លោក David Jonathan Gross ដែលជាម្ចាស់ជ័យលាភីណូបែលរូបវិទ្យាឆ្នាំ២០០៤ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ «ដ៏គួរឲ្យខា្លច និងអន្តរាយ» ដែលកើតឡើងពីភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនលើកិច្ចសហប្រតិបត្តិការអន្តរជាតិខាងវិទ្យាសាស្ត្រ។

អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកវ័យ ៨៣ឆ្នាំរូបនេះ បានចែករំលែកគំនិតរបស់លោក មុនពេលការចូលរួមរបស់លោក នៅក្នុងសមាជអន្តរជាតិនៃវិទ្យាសាស្ត្រមូលដ្ឋាន (ICBS) នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៦ ខែកក្កដា។

លោក Gross បាននិយាយថា៖ «ខ្ញុំគិតថា អ្វីដែលកំពុងកើតឡើង គឺជារឿងគួរឲ្យខា្លចរអា និងអន្តរាយខ្លាំងបំផុតដល់ភាគីទាំងសងខាង ក៏ដូចជាពិភពលោកទាំងមូល ពោលគឺគ្រោះថ្នាក់ខ្លាំងណាស់។ វាពិតជាគ្រោះថ្នាក់ណាស់ ដរាបណាឥទ្ធិពលរបស់វាទៅលើវិទ្យាសាស្ត្របន្តមាន វាពិតជាបង្កមហន្តរាយខ្លាំងណាស់។ អ្នកដឹងទេថា ធម្មជាតិមិនមែនស្រួលដូចគិតនោះឡើយ។ ដើម្បីបកស្រាយពីធម្មជាតិ វាទាមទារឲ្យប្រឹងប្រែងធ្វើការងារខ្លាំង និងច្រើន ពោលគឺវាមានតម្លៃថ្លៃណាស់ ហើយវាទាមទារទេពកោសល្យពីមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
លោកបានបន្ថែមថា៖ «តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅទិសដៅបញ្ច្រាស ដោយសារកត្តាទាំងនេះ ដូចជាការខ្វែងគំនិតគ្នា នយោបាយ និងការប្រជែងគ្នារបស់ប្រទេសធំៗ។ សម្រាប់វិទ្យាសាស្ត្រ ទាំងនេះពិតជាគ្រោះថ្នាក់ និងអាក្រក់ណាស់។ ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះបញ្ហានេះ»។
ICBS រយៈពេលពីរសប្តាហ៍ ដែលផ្តោតលើប្រធានបទ «វិទ្យាសាស្ត្រកម្រិតខ្ពស់សម្រាប់មនុស្សជាតិ» បាននាំអ្នកវិទ្យាសាស្ត្រជាង ៨០០នាក់មកពីក្នុងប្រទេស និងក្រៅប្រទេស នៅរដូវក្តៅនេះ ដើម្បីពិភាក្សាឲ្យស៊ីជម្រៅលើសមិទ្ធិផលដ៏ទំនើប ក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាន ខណៈដែលកំពុងសម្លឹងឆ្ពោះការអភិវឌ្ឍន៍នាពេលអនាគត៕