ប្រទេសចិននឹងសម្រួលការស្នើសុំទិដ្ឋាការ សម្រាប់អ្នកទេសចរមកពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែមករាតទៅ ដោយកាត់បន្ថយឯកសារចាំបាច់ជាច្រើន។ នេះបើយោងតាមការជូនដំណឹងមួយ កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នៅលើគេហទំព័ររបស់ស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន។

ការសម្រេចនេះ គឺជាវិធានការចុងក្រោយបង្អស់របស់ប្រទេសចិន ដើម្បីជួយឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងជំរុញសេដ្ឋកិច្ចធំទី២ របស់ពិភពលោក បន្ទាប់ពីធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។
សេចក្តីជូនដំណឹងរបស់ស្ថានទូតនេះ បានឲ្យដឹងថា អ្នកដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ នៅសហរដ្ឋអាមេរិក នឹងលែងត្រូវការដាក់ការកក់សំបុត្រយន្តហោះ ការកក់សណ្ឋាគារ ឬលិខិតអញ្ជើញទៀតហើយ។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានបើកផ្លូវឲ្យអ្នកកាន់លិខិតឆ្លងដែនពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ ចាប់ពីថ្ងៃទី១ ខែធ្នូ។

ការធ្វើដំណើរដោយគ្មានទិដ្ឋាការនេះ នឹងដំណើរការរយៈពេល ១២ខែ ក្នុងអំឡុងពេលដែលភ្ញៀវទេសចរមកពីប្រទេសទាំង៦ នោះ អាចទៅលេងប្រទេសចិន បានរហូតដល់ ១៥ថ្ងៃ។ ប្រទេសចិនក៏បានពង្រីកគោលនយោបាយឆ្លងកាត់ ដោយគ្មានទិដ្ឋាការរបស់ខ្លួនទៅកាន់ប្រទេសចំនួន៥៤ ផ្សេងទៀត ក្នុងខែវិច្ឆិកាផងដែរ៕