ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឲ្យដឹងថា បុរសនៅរដ្ឋ New Jersey ម្នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកេនយ៉ា ត្រូវបានចោទប្រកាន់ពីបទព្យាយាមជួយដល់ក្រុមសកម្មប្រយុទ្ធឥស្លាម Al Shabaab (អាល់សាបាប) ដោយចោទប្រកាន់ថា រូបគេត្រូវបានជំរុញទឹកចិត្តដោយការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ពីសំណាក់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដើម្បីបង្កអំពើហិង្សា។

ការចាប់ខ្លួននេះ កើតឡើងចំពេលមានការកើនឡើងនូវឧប្បត្តិហេតុនៃការប្រឆាំងពួកជ្វីហ្វនិយម និងការស្អប់ស្ពើមសាសនាអ៊ីស្លាម បន្ទាប់ពីមានសង្គ្រាមអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ដែលបានធ្វើឲ្យកម្រិតនៃការគំរាមកំហែងភេរវកម្មកើនឡើង នៅក្នុងសហរដ្ឋអាមេរិក។

ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា លោក Karrem Nasr ជាពលរដ្ឋអាមេរិក ដែលបានផ្លាស់ប្តូរពីរដ្ឋ New Jersey ទៅកាន់ប្រទេសអេហ្ស៊ីបកាលពីខែកក្កដា ត្រូវបានចាប់ខ្លួន នៅទីក្រុង Nairobi (ណៃរ៉ូប៊ី) កាលពីថ្ងៃទី១៤ ខែធ្នូ ហើយត្រូវបាននាំខ្លួនទៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ)។
យោងតាមរដ្ឋអាជ្ញា បានឲ្យដឹងថា ជនសង្ស័យវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងផ្តល់ជំនួយផ្នែកសម្ភារៈដល់អង្គការភេរវករបរទេស ដែលត្រូវបានកំណត់» ដែលត្រូវអនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២០ឆ្នាំ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក ចាត់ទុកក្រុម Al Shabaab ជា «អង្គការភេរវជនបរទេស»៕