ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ) នេះ បានឲ្យដឹងថា ជនជាតិកូរ៉េខាងត្បូង ២នាក់ ដែលត្រូវបានចាប់ខពង្រត់ដោយខ្មាន់កាំភ្លើង នៅក្នុងប្រទេសនីហ្សេរីយ៉ា កាលពីដើមខែនេះ ត្រូវបានដោះលែងដោយសុវត្ថិភាព។

បុរស ២នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីខ្មាន់កាំភ្លើង បានវាយឆ្មក់ក្បួនរថយន្តរបស់ពួកគេ នៅក្នុងតំបន់ដីសណ្ត ដែលផលិតប្រេងរបស់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី12 ខែធ្នូ ដោយបានសម្លាប់ទាហាន ៤នាក់ ដែលការពារក្រុមនោះ និងអ្នកបើកបរស៊ីវិល ២នាក់។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កាលពីថ្ងៃសុក្រ យើងបានធានាការថែទាំពលរដ្ឋកូរ៉េខាងត្បូង ២នាក់ ដែលត្រូវបានចាប់ពង្រត់។ បច្ចុប្បន្ន អ្នកទាំង២ ស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយបន្ទាប់ពីពិនិត្យនៅមន្ទីរពេទ្យ ពួកគេបានផ្លាស់ទៅកន្លែងមានសុវត្ថិភាព និងបាននិយាយជាមួយក្រុមគ្រួសាររបស់ពួកគេ»។
ការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅតំបន់ដីសណ្ដនីហ្សេរីយ៉ា បានថយចុះក្នុងរយៈពេលជាច្រើនឆ្នាំមកននេះ។ ប៉ុន្តែតំបន់នេះ មានភាពប្រែប្រួលមិនទៀតទាត់ និងទទួលរងពីការលួចប្រេងឆៅ និងការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរប្រេង ដែលបានធ្វើឲ្យខាតបង់ដល់ទិន្នផលប្រេងរបស់ប្រទេសនីហ្សេរីយ៉ា៕