សហគមន៍ជាច្រើននៅតាមឆ្នេរសមុទ្រក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានប្រឈមមុខនឹងទឹករលកធំៗដ៏ខ្លាំងរយៈពេលមួយថ្ងៃទៀត និងការជន់លិចកាលពីថ្ងៃសៅរ៍ (៣០ ធ្នូ) ខណៈដែលក្រុមមន្ត្រីបានចេញបញ្ជាជម្លៀសប្រជាជននៅក្នុងតំបន់មួយចំនួន និងបានព្រមានអ្នកស្រុកឱ្យនៅឆ្ងាយពីឆ្នេរ និងផ្លូវនៅតាមឆ្នេរសមុទ្រ។

សេវាអាកាសធាតុជាតិនៅទីក្រុង ឡូសអែនជើឡេស (Los Angeles) បានព្យាករណ៍ពីទឹកជំនន់ដ៏ធំនៅក្នុងតំបន់ឆ្នេរសមុទ្រទំនាបដែលមានរលកខ្លាំង និងចរន្តទឹកហូរខ្លាំង ដែលបង្កជា «ហានិភ័យយ៉ាងធ្ងន់ធ្ងរ» នៃការលិចលង់ និងការខូចខាតដល់រចនាសម្ព័ន្ធដូចជា ផែ និងកំពង់ផែជាដើម។
ទឹករលកខ្ពស់រហូតដល់ ៦,១ម៉ែត្រ អាចបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតទៅលើលំនៅឋានមាត់ទឹកនៅក្នុងសហគមន៍ដែលងាយរងគ្រោះនៅតាមឆ្នេរសមុទ្រជាច្រើននៃរដ្ឋកាលីហ្វ័រនីញ៉ា ដែលរងការវាយលុកដោយទឹករលកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅចុងសប្តាហ៍នេះ។

នាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំតំបន់ វេនថួររ៉ា (Ventura) បាននិយាយថា មន្ត្រីនៅតំបន់ វេនថួររ៉ា ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា បានចេញការព្រមានអំពីការជម្លៀសកាលពីថ្ងៃសៅរ៍ សម្រាប់លំនៅដ្ឋាននៅតាមបណ្តោយផ្លូវហាយវ៉េប៉ាស៊ីហ្វិក ហើយឆ្នេរសមុទ្រជាច្រើនកន្លែងក្នុងតំបន់នៅតែបន្តបិទ៕
