
ថៃ៖ កោះទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោករបស់ប្រទេសថៃ គឺកោះពូកេត គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញ នៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ដែលជាផ្នែកមួយនៃផែនការមិនតម្រូវឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ សម្រាប់ភ្ញៀវដែលទទួលបានការចាក់វ៉ាក់សាំងទាំង២ដូស។
ពេលដែលប្រទេសថៃ រឹតត្បិតព្រំដែនរបស់ខ្លួន ពួកគេអនុវត្តន៍ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅក្នុងសណ្ឋាគារ ជាហេតុធ្វើឲ្យវិស័យទេសចរណ៍របស់ពួកគេ រីងស្ងួត។
កោះនៅភាគខាងត្បូងប្រទេសថៃមួយនេះ បានពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យទេសចរណ៍ ហើយកោះមួយនេះ បានក្លាយជាទីក្រុងខ្មោច អំឡុងការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។
រូបភាពពីលើអាកាស ឃើញផ្សារ និងឆ្នេរសមុទ្រទទេស្អាតគ្មានមនុស្សនោះទេ ដែលកាលពីមុនធ្លាប់ឃើញតែភ្ញៀវកុះករ។
រដ្ឋាភិបាលថៃ គ្រោងនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅលើកោះពូកេតឲ្យបាន ៧០ភាគរយ មុនពេលពួកគេបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ។ ប្រជាពលរដ្ឋមកពីប្រទេសរកបានប្រាក់ចំណូលទាប និងមធ្យម នឹងអនុញ្ញាតឲ្យមកកម្សាន្តលេងកោះពូកេត៕ អត្ថបទ៖ សារ៉ាត់