នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាថានឹងដណ្តើមគ្រប់គ្រងព្រំដែនតំបន់ហ្កាហ្សាស្រ្ទីប ជាមួយប្រទេសអេហ្ស៊ីប ឡើងវិញដោយពង្រីកបេសកកម្មរបស់អ៊ីស្រាអែល ដើម្បីកម្ចាត់ក្រុមហាម៉ាស នៅក្នុងជម្លោះដែលខ្លួនរំពឹងថានឹងមានរយៈពេលជាច្រើនខែ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ (៣០ ធ្នូ) អំពីការប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី០៧ ខែតុលា មកនៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងសម្ព័ន្ធមិត្តបានជ្រៀតចូលអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ ដោយបន្ថែមថា «ពេលនេះសង្រ្គាមកំពុងស្ថិតក្នុងដំណាក់កាលតានតឹងខ្លាំង»។
លោកបាននិយាយថា តំបន់ទ្រនាប់នៃច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) ដែលរត់តាមបណ្តោយព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប ត្រូវតែស្ថិតក្នុងដៃរបស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះមិនបានរៀបរាប់លម្អិតទេ ប៉ុន្តែទង្វើបែបនេះរបស់អ៊ីស្រាអែល នឹងក្លាយជាការបញ្ច្រាស់ការពិតនៃការដកខ្លួនចេញពីហ្កាហ្សាឆ្នាំ២០០៥ ដោយដាក់តំបន់ហ៊ុមព័ទ្ធនេះនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់អ៊ីស្រាអែល បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស។
ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ អំពីតំបន់ទ្រនាប់នេះបានកើតឡើងនៅពេលដែលកងកម្លាំងយោធាអ៊ីស្រាអែលបានបន្តរុលទៅមុខជាមួយនឹងការវាយលុកដែលនាយករដ្ឋមន្ត្រីរូបនេះបានរំលឹកឡើងវិញថានឹងមានរយៈពេល «ជាច្រើនខែទៀត»៕
