រដ្ឋាភិបាលរបស់ប្រទេសចិន បានហៅបេក្ខជននាំមុខ សម្រាប់ការបោះឆ្នោតមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ថាអ្នកបង្កឲ្យមាន «ការប្រឈមមុខដាក់គ្នា» និងជាអ្នកបំផ្លាញសន្តិភាព បន្ទាប់ពីអ្នកនយោបាយរូបនោះបាននិយាយនៅក្នុងការជជែកដេញដោលមេដឹកនាំ ដោយបាននិយាយថា អធិបតេយ្យភាព និងឯករាជ្យរបស់កោះនេះជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។

ការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះកំពុងតែកើតឡើងនៅក្នុងពេលដែលទំនាក់ទំនងដ៏អាក្រក់រវាងទីក្រុងប៉េកាំង និងក្រុងតៃប៉ិ។ ប្រទេសចិនបាន និងកំពុងបង្កើនសម្ពាធផ្នែកយោធា ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។
ប្រទេសចិន បានរិះគន់ជាពិសេសចំពោះមេដឹកនាំលំដាប់ទីពីរបច្ចុប្បន្នលោក ឡៃ ឈីងតេ (Lai Ching-te) ដែលជាបេក្ខភាពមេដឹកនាំសម្រាប់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ (DPP) និងជាអ្នកនាំមុខគេក្នុងការស្ទង់មតិ ដោយនិយាយថាលោកឡៃ ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់។

ដោយឆ្លើយតបកាលពីល្ងាចថ្ងៃសៅរ៍ (៣០ ធ្នូ) ចំពោះការអត្ថាធិប្បាយរបស់លោក ឡៃ នៅឯការជជែកដេញដោលរបស់បេក្ខជនមេដឹកនាំតាមកញ្ចក់ទូរទស្សន៍កាលពីព្រឹកនោះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា លោក ឡៃ បាន លាតត្រដាងមុខមាត់ពិតរបស់ខ្លួនថាជា «អ្នកប្រឆាំងដ៏រឹងរូសដើម្បីឯករាជ្យភាពតៃវ៉ាន់» និងជាអ្នកបំផ្លាញសន្តិភាពទូទាំងច្រកសមុទ្រតៃវ៉ាន់៕
