រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរួចស្រេចក្នុងការធានាសុន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣-២០២៤ នៅក្នុងខេត្ដព្រះសីហនុ ដោយសុវត្ថភាព និងក្ដីរីករាយ “ឆ្នាំថ្មី ជ័យជំនះថ្មី សិរីសួស្ដី” ។
អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បង្ហាញពីភាពជឿជាក់ថា ទោះបីរដ្ឋបាលខេត្ត មិនបានរៀបចំកម្មវិធី ឬព្រឹត្ដិការណ៍អ្វីធំដំនោះទេ តែរដ្ឋបាលខេត្ដ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកិច្ចសហការពីវិស័យឯកជន បានត្រៀមជាស្រេចក្នុងរៀបចំតុបតែងលម្អទីប្រជុំជនក្នុងក្រុង និងកម្មវិធីកម្សាន្ដមួយចំនួនដែលវិស័យឯកជនរៀបចំ ដូចជាការប្រគុំតន្ដ្រី ស្ដង់តាំងពិព័រណ៍ពាណិជ្ជកម្ម ។ល។ ទន្ទឹមនឹងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដព្រះសីហនុ បានចាត់ចែងបែងចែកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដាក់ពង្រាយកម្លាំងតាមគោលដៅទេសចរណ៍ រម្មនីយដ្ឋាន និងតាមតំបន់ឆ្នេរសមុទ្រទាំងនៅលើគោក និងតំបន់ដីកោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ធានាបាននូវសុវត្ថិភាពសន្ដិសុខល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ខេត្ដព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានធម្មជាតិសម្បូរបែប រម្មនីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើន ប្រព័ន្ធគមនាគមន៍សម្បូរបែប បានផ្ដល់ជម្រើសសម្រាប់ពលរដ្ឋ និងភ្ញៀវអាចធ្វើដំណើរចេញ-ចូលខេត្ដព្រះសីហនុ ដោយសេរី ពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដព្រះសីហនុ។ ខេត្ដ មានឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកវែងជាងគេ ប្រវែងជាង ១៧៥គីឡូម៉ែត្រ មានកោះតូចធំ ៣០កោះ និងថ្មប៉ប្រះទឹកចំនួន ០២ ដែលមានឆ្នេរខ្សាច់សល្អស្អាត ជាមួយនឹងធនធានធម្មជាតិសមុទ្រ អាចឱ្យពលរដ្ឋ ឬភ្ញៀវទេសចរ អាចជិះទូកស្ទូចត្រី មុជទឹកមើលផ្កាថ្ម មុជទឹកមើលសួនធម្មជាតិបាតសមុទ្រ ។ល។ អត្ថបទៈ គង់ ប៊ុនថា



