ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញានៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក កាលពីថ្ងៃអាទិត្យថា នឹងអនុវត្តកំហឹង ប្រឆាំងកងកម្លាំងរុស្ស៊ីនៅឆ្នាំ ២០២៤នេះ ទោះបីជាអ្វីដែលលោក បាននិយាយថាជាការប៉ុនប៉ង ធ្វើឱ្យអន្តរាយដល់ការគាំទ្រសម្រាប់ទីក្រុងគីវក៏ដោយ។ សាររបស់លោក បានធ្វើឡើងមិនដល់៧២ម៉ោងនោះទេ បន្ទាប់ពីទីក្រុងមូស្គូ បានបាញ់មីស៊ីល និងយានដ្រូន ទៅលើទីក្រុងនានារបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣៩នាក់ នៅក្នុងការវាយប្រហារតាមអាកាសធំបំផុតមួយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

លោក Zelenskyy និយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលមានវីដេអូខ្លីៗនៃកាំភ្លើងធំ និងយន្តហោះចម្បាំងរបស់អ៊ុយក្រែនថា នៅឆ្នាំក្រោយ សត្រូវនឹងមានកំហឹងចំពោះការផលិតសពា្វវុធនៅក្នុងស្រុក។ លោក Zelenskyy និយាយថា អ៊ុយក្រែននឹងមានយានដ្រូនយ៉ាងហោចណាស់១លានគ្រឿងបន្ថែមទៀតនៅក្នុងឃ្លាំងអាវុធរបស់ខ្លួននៅឆ្នាំក្រោយ ព្រមទាំងយន្តហោះចម្បាំង F-16 ដែលផ្តល់ដោយដៃគូប្រទេសលោកខាងលិចរបស់ខ្លួន។
លោកនិយាយថា អាកាសយានិករបស់យើងបានហ្វឹកហ្វឺនស្ទាត់ជំនាញប្រើប្រាស់យន្តហោះ F-16 រួចហើយ ហើយយើងនឹងមើលឃើញពួកគេនៅលើដែនអាកាសរបស់យើង ដូច្នេះសត្រូវរបស់យើងអាចមើលឃើញពិតប្រាកដថា កំហឹងពិតប្រាកដរបស់យើងគឺជាអ្វី។ ដោយសង្រ្គាមនៅពេលនេះ បានឈានចូលដល់ឆ្នាំទី៣នៃប្រតិទិន លោក Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តប្រទេសលោកខាងលិច បន្តការគាំទ្រក្នុងពេលមានការកើនឡើងនូវសញ្ញានៃភាពសោះអង្គើយជាមួយនឹងជម្លោះនេះ។ ជាមួយគ្នានេះ ទីក្រុងមូស្គូ បានបង្កើនសម្ពាធនៅតាមសមរភូមិជួរមុខ ដោយដណ្តើមបានទីក្រុង Marinka ភាគខាងកើត កាលពីដើមខែធ្នូ និងកំពុងរុលចូលទៅរកការគ្រប់គ្រងទីក្រុង Kupiansk នៅភាគឦសាន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពុំបានចាប់ផ្តើមពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែននោះទេ ក្នុងអំឡុងសុន្ទរកថាចូលឆ្នាំសកលរបស់លោក ដែលត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕
